(ភ្នំពេញ)៖ ក្រសួងទេសចរណ៍​ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ឯកភាពពង្រឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជា។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ជាមួយលោក Edgar Doerig តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព ដោយការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំង២០ របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។

លោករដ្ឋមន្រ្តី និងលោក Edgar Doerig បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ៕