(ភ្នំពេញ)៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំកម្ពុជាចេញពីភ្លើងសង្គ្រាម និងកសាងឱ្យមានការរីកចម្រើននឹកស្មានមិនដល់។ មិនត្រឹមតែ​ស​រសើរ​ដល់ការដឹកនាំរបស់សម្តេចតេជោប៉ុណ្ណោះទេ ប្រធានរដ្ឋសភាថៃ ក៏បានបង្ហាញការជឿជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តស្មារតីនៃការអភិវឌ្ឍ ហើយនាំកម្ពុជា​ឆ្ពោះ​ទៅរកភាពរីកចម្រើនកាន់តែខ្លាំងជាបន្តទៀត។

លោក វ៉ាន់មូហាម៉ាត់ ណ មៈថា បានថ្លែងបែបនេះ ក្នុងពេលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សា​ការ​ងារមួយចំនួនជាមួួយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។

លោក វ៉ាន់មូហាម៉ាត់ ណ មៈថា កំពុងដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ បំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុង​ជំនួបជាមួយសម្តេចធិបតី លោកប្រធានរដ្ឋសភាថៃ បានថ្លែងអំណរគុណសម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ។ លោកក៏បានថ្លែងអំណរ​គុណ​ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូយ៉ាងល្អ និងយ៉ាង​កក់​ក្តៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនេះ។

នៅចំពោះមុខសម្តេចធិបតី, ប្រធានរដ្ឋសភាថៃ បានសម្តែងការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ដោយនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា។

ប្រធានរដ្ឋសភាថៃ ក៏បានបង្ហាញការជឿជាក់ដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការ​អភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។

ប្រធានរដ្ឋសភា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើ​ការ​ផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញ​ទៅមកនាពេលខាងមុខ។ ព្រមជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានជម្រាបសម្តេចធិបតីថា រដ្ឋសភា​ថៃ នឹងបន្តចូលរួមចំណែក និងគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់​ទំនង និងកិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា-ថៃ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនង​ដ៏ល្អ​ប្រសើរ។

សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចនាពេលនេះ នឹងចូលរួមចំណែកពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។

សម្តេចធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ថែទាំ​ពលករខ្មែរដែលកំពុងបំពេញការងារនៅថៃ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល​ថៃ ​លើក​លែង​ថ្លៃ​ទិដ្ឋា​ការ​ចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រឡប់ទៅប្រទេសថៃវិញ។

ក្នុងជំនួបនេះ សម្តេចធិបតី និងប្រធានរដ្ឋសភាថៃ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាក្នុងការលើក​កម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់បញ្ហាតំបន់ និងអន្តរជាតិ ដើម្បីចូលរួមកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់។ សម្តេចធិបតី និងប្រធានរដ្ឋសភាថៃ ក៏បានបានពិភាក្សាអំពី​កិច្ចសហប្រតិបត្តិការលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍វិស័យឌីជីថល ការប្រយុទ្ធប្រឆាំងបញ្ហា​គ្រឿង​ញៀន បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ៕