(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមិនទាន់មាន​គម្រោង​​សាងសង់សាខាទី៤នៅកម្ពុជានៅឡើយនោះទេ។

ការបញ្ជាក់នេះធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​នេះ។ ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វ​ផ្សាយយ៉ាងផុលផុសទាំងលើបណ្តាញសង្គម និងបណ្តាញព័ត៌មាននានាថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអន គ្រោងសាងសង់ផ្សារសាខាទី៤នៅលើទឹកដីខណ្ឌកំបូល។

ក្រុមហ៊ុន បានបញ្ជាក់ថា បើខ្លួនមានគម្រោងសាងសង់ណាមួយនោះ នឹងផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារទំនើបអ៉ីអន បានសាងសង់ផ្សារចំនួន៣ហើយនៅលើទឹកដីកម្ពុជា។ សាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន, សាខាពី២ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ធ្លាប់បានឱ្យដឹងថា ក្រុម​ហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបទាំង៣សាខានេះ។
ក្រុម​ហ៊ុនផ្សារទំនើបអ៉ីអនកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអន ដែលបង្កើតឡើងកាល​ពី​ឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន៕