(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកទិវាវជ្ជសាស្ត្រ លើកទី១៥ របស់សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជា ដែលបានសហការរៀបចំដោយសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជា មន្ទីពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យ JIKEI ប្រទេសជប៉ុននាសណ្ឋាគារភ្នំពេញ។

ពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ ទីប្រឹក្សាសមាគម, លោកសាស្ដ្រាចាររ្យ លូ លីឃាង ប្រធានកិត្តិយសសមាគម និងនាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យ ថុង ម៉េងឡុង ប្រធានកិត្តិយសសមាគម និងជានាយករងមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យ Kazuhiro Omura និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន លោកសាស្ត្រាចារ្យជំនួយ សុខ គួង ប្រធានសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជា និងសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជាច្រើនរូបទៀត។

ពិធីនេះបានធ្វើឡើងក្នុងគោលបំណងជួបជុំ ពង្រឹងសាមគ្គីភាពឱ្យកាន់តែរឹងមាំរវាងសមាជិក សមាជិកា សមាគមទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាចែករំលែកនូវបទពិសោធន៍ល្អៗ ចំណេះដឹងថ្មីៗ ឱ្យគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើន។

លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយបញ្ញាវន្តវ័យក្មេងប្រកបដោយសក្តានុពល កំពុងបំពេញការងារប្រកបដោយភាពស្វាហាប់ ថាមពលនិងភាពជឿជាក់។ ដូចនីតិកាលមុនៗដែរ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាល និងបានកំណត់ថាសុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូចបានរំលេចយ៉ាងច្បាស់នូវចក្ខុវិស័យរយៈពេលវែង គឺ «ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពនិងបរិយាបន្ន»

ជាលទ្ធផលវិស័យសុខាភិបាល នៅកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលពុំធ្លាប់មានក្នុងទស្សវត្សចុងក្រោយទាំងនេះ គឺដោយសារសុខសន្តិភាព និស្ថេរភាពនយោបាយដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងដែលជាមូលដ្ឋានមរតកបន្សល់ ដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបន្តថែរក្សាបានក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ព្រមទាំងការរួមចំណែក យ៉ាងសកម្មរបស់មន្ត្រីសុខាភិបាល និងតួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងសមាគមវិជ្ជាជីវៈសុខាភិបាលនានា ក្នុងនោះក៏មានសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជា ផងដែរ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ អាទិភាព និងសកម្មភាពនានា រួមទាំងការលើកកម្ពស់និងកែលម្អគុណភាពសេវាសុខាភិបាល។

លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ បានបន្ដថា តាមរយៈរបាយការណ៍សង្ខេបរបស់លោក សុខ គួង ប្រធានសមាគម បានឃើញពីវឌ្ឍនភាពជាទីមោទនៈសម្រាប់សមាគម ដែលអាចជាមេរៀនពិសោធន៍ដល់សមាគមសុខាភិបាលផ្សេងៗ សិក្សានិងអនុវត្តរួមមានកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការលើកស្ទួយក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើបច្ចុប្បន្នភាពនៃជំនាញដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់កិត្តយសវិជ្ជាជីវៈវេជ្ជសាស្ត្រ និងការកែលម្អគុណភាពនៃការផ្តល់សេវា ដែលជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្រ្តគោលនយោបាយ និងអាទិភាពនានារបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ទាំងយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នេះផងដែរ ដែលរំពឹងថានឹងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ជាមួយនឹងវឌ្ឍនភាពនេះ លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះភាពរីកចម្រើនរបស់សមាគមជាបន្តបន្ទាប់។ លោកបានស្នើឱ្យឱ្យសមាជិក សមាជិកា សមាគម ទាំងអស់ថា «ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ, ខិតខំពង្រឹងជំនាញ និងចំណេះដឹងរបស់ខ្លួនជាប្រចាំពិសេសត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យបានពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់នូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំជាធរមាននៅកម្ពុជា និងប្រកាន់ខ្ជាប់នូវក្រមសីលធ៌មវិជ្ជាជីវៈ ដែលមានចែងក្នុងអនុក្រឹត្យស្ដីពីក្រសីលធម៌គ្រូពេទ្យ ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ និងផលប្រយោជន៍របស់សាធារណៈជន ក៏ដូចជាដើម្បីការពារកិត្តិយសនិងកិត្យានុភាពរបស់សមាគម»

លើសពីនោះលើកទឹកចិត្តឱ្យសមាគមបន្តការខិតខំប្រឹងប្រែងយ៉ាងទុកចិត្តទុកដាក់ក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរឡើងនិងធានាបានថាសមាជិក សមាជិកា បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាបាននូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងមានជំនាញច្បាស់លាស់និងទាន់បច្ចុប្បន្នភាព ក្នុងន័យនេះ សមាគម ត្រូវធានាថា សមាជិកសមាជិកា របស់ខ្លួនទាំងអស់មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព ដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យជំនួយ សុខ គួង ប្រធានសមាគមគ្រូពេទ្យ ក៏បានគូសបញ្ជាក់ថា សមាគម គឺជាសេនាធិការមួយរបស់ក្រសួងសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យឱ្យមានជំនាញពិតប្រាកដ មានសីលធម៌ វិជ្ជាជីវៈថ្លៃថ្នូរ ស្តង់ដាតែមួយ ប្រើភាសាតែមួយ ដើម្បីព្យាបាលជូនដល់ប្រជាពលរដ្ឋរបស់យើង ប្រកបដោយប្រសិទ្ធភាព ផ្តល់នូវទំនុកចិត្តនិងភាពជឿជាក់ដើម្បីកាត់បន្ថយនូវលំហូរទៅព្យាបាលនៅក្រៅប្រទេសស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ កាលពីឆ្នាំ២០២៣ សមាគមមានសមាជិកសរុបចំនួន ២៣០នាក់ ហើយនៅឆ្នាំ២០២៤នេះ ចំនួនសមាជិកសមាគមបានកើនឡើងដល់ចំនួន ៣១៧នាក់។

ព្រមជាមួយគ្នានោះដែរ លោកសាស្ដ្រាចារ្យ លូ លីឃាង ប្រធានកិត្តិយសសមាគម និងនាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានមានប្រសាសន៍ ក្រើនរម្លឹកដល់សមាជិក សមាជិកានៃសមាគម សូមបន្ដចិត្ដទុកដាក់ខ្ពស់ក្នុងការក្រេបយក នូវចំណេះជំនាញដែលបានបង្ហាញដោយលោកសាស្ដ្រាចារ្យ និងវេជ្ជបណ្ឌិត ជំនាញនៅថ្ងៃនេះ ដើម្បីជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ដែលជាធនធានជំនាន់ក្រោយ៕