(ភ្នំពេញ)៖ សិក្ខាកាមយោធាវ័យក្មេងរបស់កម្ពុជា ចំនួន៣រូប នឹងចេញទៅសិក្សាសាលាបណ្ឌិតសភាការពារជាតិ ប្រទេសជប៉ុន រយៈពេល៥ឆ្នាំ នៅដើមខែមេសា ឆ្នាំ២០២៤ ខាងមុននេះ បន្ទាប់ពីទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន។ សិក្ខាកាមយោធាទាំង៣រូបនេះ រួមមាន៖ លោក គន សេនីយ៍គន្ធ, លោក ទេព រតនៈ និងលោក ភារុណ វីរៈ។

ដើម្បីជាការអបអរសាទរដល់សិក្ខាកាមយោធាកម្ពុជាទាំង៣រូបនេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងជូនដំណើរសិក្ខាកាម និងជួបជុំអតីតសិក្ខាកាមដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន នាព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។ ពិធីនេះមានការចូលរួមសំណាក់តាមនាយឧត្តមសេនីយ៍ ភួង ស៉ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរំលឹកថា ទំនាក់ទំនង រវាងសាលាបណ្ឌិតសភាការពារជាតិជប៉ុន ជាមួយនឹងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ។ ការទទួលយកសិក្ខាកាមកម្ពុជា មកកាន់សាលាបណ្ឌិតសភាការពារជាតិជប៉ុន បានចាប់ផ្តើមនៅពេលដែលទីភ្នាក់ងារការពារជាតិជប៉ុន នៅពេលនោះបានសម្រេចចិត្តទទួលយកសំណើររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលចង់បញ្ជូនសិក្ខាកាមកម្ពុជា ទៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០។

លោកបានបន្តថា៖ «នៅឆ្នាំ២០០២ យើងក៏បានទទួលយកសិក្ខាកាមកម្ពុជា ជាលើកដំបូងសម្រាប់កាសិក្សាឆមាសទី១ នៃវគ្គអនុបណ្ឌិត នៃបណ្ឌិតសភាការពារជាតិជប៉ុន។ បន្ទាប់មកចាប់ពីឆ្នាំ២០០៤ យើងក៏ចាប់ផ្តើមទទួលយកសិក្ខាកាមសម្រាប់បណ្ឌិតសភាយោធាផងដែរ។ ចាប់តាំងពីពេលនោះមក សិក្ខាកាមកម្ពុជាចំនួនពីររូប ត្រូវបានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ជារៀងរាល់ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្ននេះ សិក្ខាកាមកម្ពុជាសរុបចំនួន ៤៩នាក់ បានបញ្ចូនទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ទាំងក្នុងវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិត»។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ថា សិក្ខាកាមបញ្ចប់ការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុនទាំងអស់សុទ្ធតែជាធនធានដែលមានភាពពូកែខ្លាំងក្លា ហើយអតីតសិក្ខាកាមទាំងនេះកំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យជាច្រើន រួមទាំងការផ្លាស់ប្តូរវិស័យការពារជាតិរវាងជប៉ុន និងកម្ពុជា បន្ទាប់ពីបានត្រឡប់មក ពីប្រទេសជប៉ុនវិញ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា កាលពីឆ្នាំមុន ដោយទទួលបានសំណើរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងយោងទៅតាមស្ថានភាពបច្ចុប្បន្នដែលអតីតសិក្ខាកាមកម្ពុជា នៃសាលាបណ្ឌិតសភាការពារជាតិជប៉ុន បាននឹងកំពុងដើរតួនាទីយ៉ាងសកម្ម ដូច្នេះហើយក្រសួងការពារជាតិជប៉ុន បានសម្រេចបន្ថែមចំនួនទទួលយកសិក្ខាកាមកម្ពុជា ពី២រូប មក៣រូប។ សិក្ខាកាមកម្ពុជា ដែលនឹងត្រូវបញ្ចូនក្នុងឆ្នាំនេះគឺសិក្ខាកមទាំងបីរូប ហើយសិក្ខាកាមរាមច្បងផ្សេងៗទៀត គឺសុទ្ធតែជាធនធានដែលពូកែ និងជឿជាក់ថាពួកគេនឹងសិក្សារឿងជាច្រើននៅប្រទេសជប៉ុន ហើយពេលត្រលប់មកកម្ពុជាវិញនឹងអាចទទួលបានតំណែងសំខាន់ៗក្នុងវិស័យការពារជាតិ ព្រមទាំងទទួលបានភាពជោគជ័យ។

សិក្ខាកាមយោធាកម្ពុជាទាំង ៣រូប បានបង្ហាញការប្តេជ្ញាចិត្តខិតខំប្រឹក្សាសិក្សាលើមុខវិជ្ជាយោធានៅប្រទេសជប៉ុន ដើម្បីនាំយកចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍វិស័យការពារជាតិនៅកម្ពុជា ឱ្យកាន់តែទំនើបបន្ថែមទៀត៕