(បន្ទាយមានជ័យ)៖ ផ្លូវ១ខ្សែ ប្រវែង១ពាន់ម៉ែត្រ តភ្ជាប់ពីរង្វង់មូលហនុមានដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ត្រូវបានកសាងឡើងវិញ ដោយចាក់កៅស៊ូ២ជាន់​ ដោយគម្រោងថវិកាបឹងទន្លេសាបស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ផ្លូវ១ខ្សែ ប្រវែង១.០០០ម៉ែត្រ ដែលរងការខូចខាតនៅអំឡុងទឹកជំនន់ឆ្នាំកន្លងទៅ បណ្តាលខូចខាតជួបការលំបាកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ ត្រូវបានជួសជុលឡើងវិញហើយ។

លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ផ្លូវត្រូវបានកសាងឡើងវិញ ហើយគម្រោងនេះនឹងរួចរាល់នៅចុងឆ្នាំ២០២៤។

លោក ស្រេង សុផល បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រុងសិរីសោភ័ណទទួលបានសមិទ្ធិផលផ្លូវបេតុ កៅស៊ូ ក្រួសក្រហម និងស្ពានប្រព័ន្ធលូរំដោះទឹក ដែលគ្រោងថវិកាជិត២០លានដុល្លារ ដែលកំពុងកសាង និងកសាងរួចរាល់ ហើយមានដាក់ឲ្យដំណើរការដែលប្រជាពលរដ្ឋទូទាំងក្រុង កោតសសើរថ្នាក់ដឹកនាំ និងអាជ្ញាធរ៕