(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​បើក «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។

«ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួចផ្តើមរៀបចំឡើងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃសម្រាប់ប្រារព្ធទិវានេះ​ឡើង។ «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

«ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ បន្តរៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ។ វត្តមានសម្ដេចធិបតីនាយករដ្ឋមន្ត្រីបើកវេទិកានេះ បង្ហាញយ៉ាង​ច្បាស់​ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដែលជាឧបករណ៍យុទ្ធសាស្ត្រមួយ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជា​ក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណតម្លៃបន្ថែម។

លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មាន​រយៈ​ពេលបីថ្ងៃនេះ មានគោលបំណងសំខាន់ចំនួន៤រួមមាន៖ ទី១) បណ្តុះស្មារតីស្រឡាញ់ និងការស្វែង​យល់​អំពី​វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២) ជំរុញកិច្ចសហប្រតិបត្តិការរបស់​តួអង្គពាក់​ព័ន្ធ​ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣) បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ចំណោម​តួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤) បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។

បើតាមលោករដ្ឋមន្ត្រី ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន ៥ រួមមាន៖ (១) ពិព័រណ៍បច្ចេក​វិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, (២) ពិព័រណ៍វិទ្យាសាស្ត្រ, (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤) ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង (៥) កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់​នវានុវត្តន៍​សម្រាប់​វិស័យសាធារណៈ»។

ក្នុងនោះកម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល នឹងមានការតាំងបង្ហាញឧបករណ៍ និង/ឬបច្ចេកវិទ្យាផ្សេងៗដែលបម្រើឱ្យការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច​និង​មធ្យម រួមមាន៖ ម៉ាស៊ីនគ្រឿងយន្ត គ្រឿងឧបករណ៍គាំទ្រសហគ្រាសពាក់ព័ន្ធ ផលិត ឬផ្គត់ផ្គង់ វត្ថុធាតុ​ដើម ប្រឹក្សាយោបល់ផ្នែកវិស្វកម្ម ការថែទាំ ជួសជុល និងបណ្តុះបណ្តាល ប្រឹក្សាបទបញ្ញត្តិ សហគ្រាស​ធុន​តូច និងមធ្យម និងដំណោះស្រាយឌីជីថល និងហិរញ្ញវត្ថុ។

កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈ​ជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍​មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូលរួមតាំងពិព័ណ៌រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍៕