(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា បានថ្កោលទោសការវាយប្រហារយ៉ាងប្រល័យនៅទីក្រុងមូស្គូ គឺជាបទឧក្រិដ្ឋដ៏គួរឱ្យស្អប់ខ្ពើម ហើយថាទីក្រុងវ៉ាស៊ីនតោនថ្កោលទោសលើអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេក្ដីថ្លែងការណ៍មួយ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «យើងថ្កោលទោសលើអំពើហិង្សាគ្រប់ទម្រង់ទាំងអស់ និងបង្ហាញសាមគ្គីភាពជាមួយ ប្រជាជនរុស្ស៉ី ចំពោះទុក្ខក្រៀមក្រំនៃការបាត់បង់អាយុជីវិតមនុស្សក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នេះ»។

នៅមុនការលើកឡើងរបស់លោក Antony Blinken សេតវិមានបានហៅការវាយប្រហារនៅទីក្រុងមូស្គូ ដែលសម្លាប់មនុស្ស១៣៣នាក់ ថា «គួរឱ្យរន្ធត់» និងផ្ញើសារ រំលែកទុក្ខ។ សេតវិមាន តាមរយៈអ្នកនាំពាក្យ លោកស្រី Karine Jean-Pierre ក៏បានថ្កោលទោសការវាយប្រហារភេរវកម្មលើទីក្រុងមូស្គូផងដែរ ហើយបានចាត់ទុកថាក្រុម ISIS គឺជាសត្រូវរួម និងគួរតែត្រូវបានកម្ចាត់នៅគ្រប់ទីន្លែងទាំងអស់។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួនបានធ្វើសកម្មភាពបាញ់ប្រហារ លើជនស៉ីវិល នៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។ ចំណែក មនុស្ស ១១នាក់ ក្នុងនោះមានទាំងពួកភេរវករ ៤នាក់ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ ត្រូវបានចាប់ខ្លួន៕