(ភ្នំពេញ)៖ ក្នុងមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានសភានៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញទៅសម្តែងការគួរសមនិងចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះណាចក្រកម្ពុជា ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេច ដល់គេហដ្ឋាន នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចប្រធានរដ្ឋសភា ចំពោះការបាត់បង់របស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណនិងបង្ហាញក្តីរំភើបឥតឧបមា ដែលលោក វ៉ាន់មូហាម៉ាត់ណ មៈថា បានផ្ញើសារ និងកូរ៉ោនផ្ការំលែកទុក្ខជូនសម្តេចនិងក្រុមគ្រួសារ។ ជាពិសេសវត្តមានលោក វ៉ាន់មូហាម៉ាត់ណ មៈថា ដែលបានអញ្ជើញមកដល់គេហដ្ឋានសម្តេចផ្ទាល់នាឱកាសនេះ បានផ្តល់កិត្តិយសនិងកម្លំាងចិត្ត យ៉ាងខ្លំាងក្លាជូនសម្តេចនិងក្រុមគ្រួសារ នៅក្នុងឱកាសមានទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចបានសូមអភ័យទោសជូន លោកប្រធានរដ្ឋសភា ដែលមិនអាចទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារផ្ទាល់ជាមួយឯកឧត្តម និងគណៈប្រតិភូបាន តាមការគ្រោងទុកបាន។

នៅក្នុងឱកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានលើកឡើងពីការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើងជាពិសេសការឈានទៅការរៀបចំកែសម្រួលអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរឡើងវិញ នៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព អគ្គលេខាធិការរដ្ឋសភា ឱ្យស្របតាមសភាពការណ៍ ដើម្បីបម្រើផលប្រយោជនជូនប្រទេសជាតិនិងប្រជាជនប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញសទស្សនកិច្ចនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ សម្តេចបានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថាការពង្រឹងពង្រីកចំណងមិត្តភាពជាមួយរដ្ឋសភាប្រទេសថៃ ជាអាទិភាពសំខាន់មួយរបស់រដ្ឋសភាកម្ពុជា។ សម្តេចបានបញ្ជាក់ពីការគំាទ្រ ចំពោះការលើកឡើងរបស់ឯកឧត្តម ដែលថា «មានមិត្តជិតខាងល្អម្នាក់ ប្រសើរជាងមិត្តលល្អដប់នាក់ដែលស្ថិតនៅឆ្ងាយ»។

លោកប្រធានរដ្ឋសភាថៃ បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជាទទួលបានតំណែងដ៏សំខាន់នេះ។ ឆ្លងកាត់បទពិសោធន៏និងពលីកម្មចូលរួមកសាងអភិឌ្ឍន៏សង្គមជាតិតំាងពីរដើមមក លោកមានជំនឿមុតមាំថា សម្តេសរដ្ឋសភានឹងដឹកនាំស្ថាបន័រដ្ឋសភាឱ្យសម្រេចបាននូវលទ្ធផលជាច្រើនទៀតជូនជាតិមាតុភូមិ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចរបស់ លោក វ៉ាន់មូហាម៉ាត់ណ មៈថា នៅកម្ពុជា។ ជាពិសេសលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង លោក និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ លទ្ធផលជំនួបពិភាក្សានោះមិនត្រឹមតែលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរឱ្យសកម្មនិងគ្រប់ជ្រុងជ្រោយឡើងនោះទេ ថែមទំាងបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលប្រទេសទំាងពីរ កាន់តែទទួលបានជោគជ័យច្រើនឡើង នៅលើគ្រប់គ្រប់វិស័យ មានទំាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ៕