(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។

លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តស្រុកសំបូរ ដែលប្រារព្ធឡើងនៅវត្តព្រះវិហារធំសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ បុណ្យផ្កាមហាសាមគ្គីដែលទទួលបានបច្ច័យប្រមាណជិត៤០លានរៀល ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់វត្តព្រះវិហារធំសសរ១០០។

លោក នេត្រ ភក្ត្រា បានថ្លែងថាថ្នាក់ដឹកនាំទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងប្រជាពលរដ្ឋមានជីវភាពធូរធាតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ លោកបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។

លោកបានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ក៏ដូចជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះទាំងអស់ អាជ្ញាធរមូលដ្ឋានដែលបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កាមហាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលថ្មីសម្រាប់វត្តវិហារធំសសរ ១០០ ដោយទទួលបានបច្ច័យសរុបជិត ៤០ លានរៀល៕