(ហ្លួងព្រះបាង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣១ ដែលបានប្រព្រឹត្តទៅនៅក្រុងហ្លួងព្រះបាង ក្រោមការដឹកនាំរបស់លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤។កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅពេលអនាគតរបស់ ASCC ក្នុងការធានាបាននូវអាស៊ានមួយដែលមានការឆ្លើយតប បរិយាប័ន្ន និងចីរភាព ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ កិច្ចប្រជុំក៏បានធ្វើការអបអរសាទរប្រទេសឡាវ ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រអាទិភាព ASCC នៅឆ្នាំនេះ។

នៅរសៀលថ្ងៃទី២៤ដដែល លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងជំនួបរវាងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ជាមួយអង្គភាពជំនាញតាមវិស័យនៃ ASCC របស់ប្រទេសឡាវ។ ជំនួបនេះបានជជែកគ្នាស្តីពីនិន្នាការ និងការប្រឈមនានាកំពុងលេចឡើង ព្រមទាំងផ្តល់អនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ ASCC រួមទាំង ឌីជីថលូបនីយកម្ម ការប្រែប្រួលខាងប្រជាសាស្ត្រ ការបម្រែបម្រួលអាកាសធាតុ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ។

លោកអគ្គលេខាធិការអាស៊ាន រួមជាមួយ លោកស្រី Suanesavanh Vignaket បានដាក់ឱ្យដំណើរការឃ្លាំងផ្ទុកទិន្និន័យសម្រាប់ប្រព័ន្ធវាយតម្លៃ និងតាមដាន (ADME) របស់ ASCC។ ប្រព័ន្ធនេះ គឺជាប្រព័ន្ធផ្អែកលើវេបសាយ បង្កើតឡើងដោយលេខាធិការដ្ឋានអាស៊ាន ដើម្បីតាមដានវឌ្ឍនភាព និងការរីកចម្រើននៃផែនទីចង្អុលផ្លូវ ឆ្នាំ២០២៥ របស់ ASCC ព្រមទាំងសូចនាករសង្គម-វប្បធម៌ពាក់ព័ន្ធនានា។ ការដាក់ឱ្យដំណើរការនេះ ក៏មានការធ្វើបទបង្ហាញនៃសមិទ្ធផលរបស់ ASCC និងការបង្ហាញពីប្រព័ន្ធ ADME ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សា ASCC រដ្ឋមន្ត្រីជំនាញតាមវិស័យនៃ ASCC របស់ប្រទេសឡាវ ព្រមទាំងប្រ័ពន្ធផ្សព្វផ្សាយ។

ក្រោយពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ លោកបណ្ឌិត កៅ គឹមហួន និងលោកស្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤ បានផ្តល់ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ ជូនដល់ប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ានបានគូសបញ្ជាក់ថា ឯកសារសំខាន់ៗរបស់ ASCC ដែលនឹងត្រូវអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ខាងមុខ ឆ្លុះបញ្ចាំងពីភាពចាំបាច់ និងការដឹកនាំយ៉ាងខ្លាំងក្លារបស់ ASCC ក្នុងការធានាថាប្រជាជនអាស៊ានសម្រេចបាននូវសក្តានុពលយ៉ាងពេញលេញរបស់ខ្លួន និងទទួលបានតម្លៃជីវិតកាន់តែប្រសើរ៕