(កំពត)៖ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់យុវជន អន ផានិត សិស្សនិទ្ទេសA ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ នៅព្រឹកថ្ងៃ​អា​ទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារសា​ធារ​ណៈ តំណាងសម្តេចតេជោ ប្រគល់ផ្ទះជូនដល់យុវជន អន ផានិត និងគ្រួសារដោយផ្ទាល់។

អន ផានិត ជាយុវជនមួយរូបកើតលើដីជនបទនាខេត្តកំពត ក្នុងគ្រួសារក្រខ្សត់ មានឪពុកជាជនពិការ។ ទោះកើតក្នុងត្រកូលក្រខ្សត់ តែស្មារតីជាអ្នកតស៊ូបានជំរុញឱ្យ ផានិត ប្រឹងប្រែងរៀនសូត្រដោយមិនបោះ​បង់នោះឡើយ ធ្វើឱ្យគេក្លាយជាសិស្សទទួលបាននិទ្ទេស A។ ខ្សែជីវិតជាសិស្សនិទ្ទេសA ទាំងស្ថានភាព គ្រួសារ​ក្រខ្សត់ របស់យុវជន អន ផានិត ធ្វើឱ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងពីប្រជាពល​រដ្ឋខ្មែរ។ ជាពិសេសទទួលបានការចាប់អារម្មណ៍ និងស្ញប់ស្ញែងជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន​អតីតនាយករដ្ឋមន្ត្រីពោរពេញដោយចិត្តសណ្តោសប្រណី និងព្រហ្មវិហារធម៌។

ក្តីរំជួលចិត្តចំពោះក្តីតស៊ូដោយមិនបោះបង់លើការសិក្សារបស់យុវជន អន ផានិត ដែលមិនខុសពីជីវិតពី​កុមារភាពរបស់សម្តេចតេជោនោះ បានធ្វើឱ្យសម្តេចតេជោ ចេញមុខជ្រោមជ្រែងជ្រោងស្មារតីតស៊ូរបស់ ផានិត ឱ្យបន្តទទួលបានការសិក្សានៅមហាវិទ្យាល័យ ជួយដោះស្រាយបញ្ហាជីវភាពរបស់គ្រួសារ ព្រម​ទាំងជួយសាងសង់ផ្ទះជាជម្រកជូន ផានិត និងគ្រួសារ ប្រកបដោយភាពសមរម្យថែមទៀតផង។

ការសិក្សាជាផលបុណ្យដ៏ប្រសើរសម្រាប់មនុស្ស ករណីយុវសិស្ស អន ផានិត ជាទឡ្ហីករណ៍​បង្ហាញ​យ៉ាង​ច្បាស់​ថា ការប្រឹងប្រែងសិក្សារៀនសូត្របានហុចផលបុណ្យដល់រូបគេ និងគ្រួសារ។

ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជាបានសម្រេច ត្រូវបានកសាងកងកម្លាំងវិស្វកម្ម សម្តេចតេជោសែនសៀមរាប មាននាយ​ឧត្តមសេនីយ៍ ខេង សុមេធ ជាប្រធានទទួលសាងសង់ ដោយប្រើរយៈពេល៤ខែ។ ផ្ទះនេះ មានទំហំ ១១ម៉ែត្រ គុណ១៦.៦ម៉ែត្រ មាន៥បន្ទប់ គឺបន្ទប់គេង៣ បន្ទប់ទទួលភ្ញៀវ១ និងបន្ទប់បាយ១ ព្រមទាំង មានបន្ទប់ទឹក៤ មានអាងស្តុកទឹក និងរបងព័ទ្ធជុំវិញផងដែរ។

ក្នុងពិធីប្រគល់ផ្ទះជូន លោក អនចាន់ណា និងអ្នកស្រី តុប មករា ដែលជាឪពុក ម្តាយ របស់យុវសិស្ស អន ផានិត, លោក ហ៊ុន ម៉ានី បានពាំនាំប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោក អន ចាន់ណា និងលោកស្រី តុបមករា និងក្រុមគ្រួសារ។

លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំឮកដល់ លោក អន ចាន់ណា និងលោកស្រី តុប មករា និងកូនស្រី​ម្នាក់ទៀតក្នុងបន្ទុក ត្រូវបន្តខិតខំពង្រឹងជីវភាព និងខិតខំរៀនសូត្រ ហើយកុំបារម្ភចំពោះយុវសិស្ស អន ផានិត ព្រោះនៅភ្នំពេញ ផានិត ទទួលបានយកចិត្តទុកដាក់លើការហូបចុក ស្នាក់នៅ និងការសិក្សា រៀនសូត្រ យ៉ាងល្អប្រសើរ។

ពីជីវិតធ្លាប់តែលំបាកជម្រកមិនសមរម្យ លោក អន ចាន់ណា និងក្រុមគ្រួសារ សម្តែងសេចក្តីរំភើបរីករាយ​ឥតឧបមា ដោយគ្រួសារលោកទទួលបានការអាណិតស្រឡាញយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ទីជម្រកដ៏កក់ក្តៅបំផុត។

លោក អន ចាន់ណា បាននិយាយទាំងក្តីរំភើប និងក្តុកក្តួលក្នុងចិត្តថា គុណបំណាច់ដ៏មហាសាល​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រួសារលោកនឹងកត់ត្រាចងចាំទុកអស់មួយជីវិត។ លោក ចាន់​ណា ចាត់ទុកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំប្រកបដោយគុណធម៌ ទឹកចិត្តពោរ​ពេញ​ដោយធម៌សណ្តោស។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ លោក អន ចាន់ណា និងក្រុមគ្រួសារ សូមបួងសួងដល់អស់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវឆ្នាំថ្មី សូមអភិបាល​ប្រោស​​ព្រហ្ម ប្រសិទ្ទិពរជ័យ បវរមហាប្រសើរ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និង​កូនចៅទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕