(ភ្នំពេញ)៖ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិ បានឲ្យដឹងថា រាល់ការយកក្រដាសប្រាក់ ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់ថ្មី គឺពុំមានការកាត់កម្រៃនោះទេ ក្នុងនោះក្រៅពីធនាគារជាតិនៃកម្ពុជា ប្រជាពលរដ្ឋក៏អាចមកប្ដូរក្រដាសប្រាក់រៀល គ្រប់សាខាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។

ការបញ្ជាក់របស់លោក លឹម ចាន់កុសល ធ្វើឡើងក្នុងទិវាប្រាក់រៀលលើកទី៤៤ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមពីលោក​ យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

លោក លឹម ចាន់កុសល បានថ្លែងថា «ចំពោះការយកក្រដាសប្រាក់រៀល ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មី គឺពុំមានការកាត់កម្រៃនោះទេ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានស្នើសុំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពងាយស្រួលពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅចុងកាត់មាត់ញក ក្នុងការទៅប្ដូរក្រដាសប្រាក់រៀលថ្មី ដោយគ្រាន់តែអញ្ជើញទៅសាខាធនាគារពាណិជ្ជ ឬគ្រឹះស្ថានណាមួយក៏បាន»

លោកបានបន្ដថា ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍ ហើយក្នុងការប្ដូរក្រដាសប្រាក់រៀលថ្មី ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះក្រដាសប្រាក់ដែលធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុទទួលយក និងប្ដូរថ្មីជូនប្រជាពលរដ្ឋ គឺក្រដាសប្រាក់រៀលពិតប្រាកដ (មិនមែនក្លែងក្លាយ), ក្រដាសប្រាក់រៀលដែលដាច់ជាពីរ គឺត្រូវមានបំណែកផ្ដុំត្រូវគ្នាទើបអាចប្ដូរជូនបាន, ចំពោះប្រាក់រៀលដែលត្រូវកណ្ដៀរកោរ កណ្ដុរកាត់ ប្រសិនមានបរិមាណច្រើន សូមណែនាំដល់ប្រជាពលរដ្ឋអញ្ជើញទៅប្ដូរ ដល់ធនាគារជាតិនៃកម្ពុជា ប៉ុន្ដែបើមានក្នុងកម្រិតតិចតួចអាចប្ដូរនៅគ្រឹះស្ថានធនាគារ ដែលនៅជិតខ្លួនបាន។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយក្នុងនោះនឹងមានការទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មី គ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤៕