(ព្រះវិហារ)៖ សមិទ្ធិផលនានា នៅវត្តសាលវនរង្សី ហៅវត្តស្រយង់កោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាចំនួន៥១,៤៦៥០ដុល្លារ ត្រូវបានរៀបចំពិធី បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដោយមានការ ចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋជិតឆ្ងាយជាច្រើន អង្គ/អ្នក។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងផ្តាំផ្ញើនៅការសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

លោក មាស សុភា ក៏បានថ្លែងកោតសរសើរដល់លោកចៅអធិការ អាចារ្យ គណៈកម្មាការ អាជ្ញាធរភូមិ ឃុំ ស្រុក តាជី យាយជី សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួម កសាងសមិទ្ធិផល នៅក្នុងវត្តរួមមាន៖ ព្រះវិហារចំនួន១ ខ្លោងទ្វាផ្លូវចូល និងគុជសាគុជសីចំនួន២ កុដិចំនួន២ខ្នង ផ្លូវបេតុងប្រវែង៩៥ម៉ែត្រ របងបេតុងប្រវែង២៣០ម៉ែត្រ ភ្លើងសូឡា៦០ដើម អណ្ដូង និងអាងស្តុកទឹក១កន្លែង ឃ្លាំងដាក់សម្ភារៈ១កន្លែង សរុបថវិកាសាងសង់អស់៥១,៤៦៥០ដុល្លារ។

លោក មាស សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និយាយរួមនៅឃុំស្រយង់ ស្រុកគូលែន ដែលកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះឆ្នោត ហើយក្នុងនោះរូបលោក បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ខេត្តព្រះវិហារ ក៏បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារផងដែរ។ ហើយការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតគណបក្សប្រជាជនកម្ពុជា រៀបចំនៅរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក មាស សុភា បានថ្លែងបញ្ជាក់ទៀតថា ការកសាងសមិទ្ធិផលនៅក្នុងវត្តថ្ងៃនេះ គឺជាចំណុចវិជ្ជមាន នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា តាំងពុទ្ធចក្រ ទាំងអាណាចក្រ លើមូលដ្ឋាននៃសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះកន្លងមកនេះ របស់សម្តេចតេជោ ហ៊ុន សែន។ លោកថា ផ្នែកអាណាចក្រទោះបីដូរនាយករដ្ឋមន្ត្រី ប៉ុន្តែយើងឃើញថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺនៅដដែល គ្រាន់តែអាណត្តិទី៧នេះ ផ្ទេរពីចតុកោណមកបញ្ចកោណ។

លោក មាស សុភា ក៏បានថ្លែងអំពាវនាវឲ្យបន្តចូលរួមថែក្សាសុខសន្តិភាព ដែលដណ្តើមបានតាមរយៈនយោបាយឈ្នះឈ្នះ និងប្រឆាំងដាច់ខាត អ្នកដែលបំផ្លាញសុខសន្តិភាព សូមបន្តគាំទ្រនូវយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលពេលនេះ កំពុងស៊ីជម្រៅការកែទម្រង់ បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសអំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាផ្សេងៗទៀត ឲ្យបានល្អ។

លោក មាស សុភា ក៏បានប្រគេនបច្ច័យព្រះសង្ឃចំនួន៥,០០០,០០០រៀល និង៣០០ដុល្លារ សិស្សានុសិស្សចំនួន៦២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល បិច២ដើម និងថវិកា៥០០០រៀល លោកគ្រូ អ្នកគ្រូ៥៨នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល សារ៉ុង១ បិច២ដើម និងថវិការ៣០០០០រៀល លោកតា លោកយាយចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ថវិកា១០,០០០រៀល ប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១០,០០០រៀល ព្រមទាំងប្រគេន និងជូនប័ណ្ណសរសើរ ដល់សប្បុរសជនដែលបានចំណាយថវិកា ចូលរួមកសាងវត្តជាច្រើនអង្គ/អ្នកផងដែរ៕