(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកណ្ដាល ១២៧ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អភិបាលរងខេត្តកណ្ដាល, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងថា ការកសាង និងការអភិវឌ្ឍសមត្ថភាព មានសារៈសំខាន់សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាព ក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាលសំដៅ «ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ»។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ជានិច្ចលើការកសាង និងការអភិវឌ្ឍសមត្ថភាព មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និង បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និងភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកាជាដើម ដែលតួនាទី និងភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងវិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសរំលេចថា បើទោះបីជំនួយការហិរញ្ញវត្ថុ ជាមន្ត្រីដែលត្រូវបានជ្រើសរើសឡើងតាមការប្រឡងក្តី ក៏តាមរយៈលទ្ធផលនៃការអនុវត្តការងារកន្លងមកឃើញថា មន្រ្តីទាំងនោះនៅមិនទាន់មានបទពិសោធន៍ លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ពិសេស នៅមិនទាន់យល់ច្បាស់អំពីការរៀបចំឯកសារគណនេយ្យ ការកត់ត្រាបញ្ជិកាគណនេយ្យ និងការទូទាត់ចំណាយរជ្ជទេយ្យបុរេប្រទាន ជាដើម ដែលទាមទារនូវការបណ្តុះបណ្តាលជាបន្តបន្ទាប់។

ក្នុងន័យនេះ កម្មវិធីបណ្ដុះបណ្ដាលរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ គឺជាកម្មវិធីដ៏សំខាន់ សម្រាប់កសាង និង អភិវឌ្ឍសមត្ថភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើប្រធានបទ ដូចជាៈ នីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ, និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕