(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជានាយកប្រតិបត្តិមូលនិធិ ម៉េងលី ជេ. គួច រួមជាមួយក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច បានចុះចែកអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៉ីអ៊ីវ ទឹកពិសាបរិសុទ្ធ ម្ហូបអាហារ និងសម្ភារសិក្សា-ប្រើប្រាស់រួមមាន សម្លៀកបំពាក់ សៀវភៅពុម្ពភាសាខ្មែរ និងភាសាអង់គ្លេស ដបទឹក ព្រមទាំងថវិកាមួយចំនួនសម្រាប់ទ្រទ្រង់បេសកកម្មរបស់អង្គការអាហ្វេស៉ីបកម្ពុជា ក្នុងការជួយយុវនារី និងកុមារីរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ញផ្លូវភេទ នៅអង្គការអាហ្វេស៉ីបកម្ពុជា ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីសប្បុរសធម៌ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ២០,០១០,០០០ រៀល។

ក្នុងឱកាសនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញក្ដីរំភើបរីករាយ និងសួរសុខទុក្ខ ព្រមទាំងបានសំណេះសំណាលជាមួយកុមារកំព្រាប្រមាណ ១០០នាក់ នៅក្នុងអង្គការអាហ្វេស៉ីបកម្ពុជា។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបង្ហាញការសោកស្ដាយដែលកម្ពុជានៅតែបន្តកើតមានការរំលោភបំពានផ្លូវភេទលើកុមារ ជាពិសេសការរំលោភបំពានផ្លូវលើកុមារី ឬក្មេងស្រី។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត យល់ថា គួរតែមានការផ្សព្វផ្សាយឱ្យបានច្រើន និងផុសផុល ដើម្បីបញ្ជ្រាបការយល់ដឹង សម្ដៅទប់ស្កាត់កុំឱ្យកើតមានការរំលោភបំពានផ្លូវភេទកុមារបន្តទៀត។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានអំពាវនាវដល់ក្រុមហ៊ុន និងវិស័យឯកជនផ្សេងទៀត ឱ្យចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អង្គការក្មេងកំព្រា និងអង្គការដែលមានកុមាររងគ្រោះដទៃទៀត។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជាអគ្គនាយិកា នៃអង្គការអាហ្វេស៉ីបកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិ ម៉េងលី ជេ. គួច ក៏ដូចជាអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានផ្ដល់អំណោយជាអង្ករ ទឹកត្រី ទឹកស៉ីអ៊ីវ និងគ្រឿងឧបភោគបរិភោគជូនដល់អង្គការរបស់លោកស្រី។

លោកស្រីអគ្គនាយិកា នៃអង្គការអាហ្វេស៉ីបកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នអង្គការអាហ្វេស៉ីបកម្ពុជា មានកុមារកំព្រាកំពុងស្នាក់នៅសរុបចំនួនជាង ១៧០នាក់ ដោយភាគច្រើនពួកគេជាកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ និងការជួយដូរ ហើយកុមារខ្លះរងគ្រោះធ្ងន់ធ្ងរដោយសារឪពុកបង្កើតរំលោភបំពានផ្លូវភេទ។

លោក ហៀង សេង ម្ចាស់អាហារដ្ឋានយីហោ៧៨៩ បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្នុងនាមជាអ្នកដែលចូលរួមឧបត្ថម្ភជាអាហារដល់កុមារកំព្រា និងរងគ្រោះនៅអង្គការអាហ្វេស៉ីបកម្ពុជា ហើយនេះជាលើកដំបូងដែលលោកបានចូលរួមឧបត្ថម្ភក្នុងសកម្មភាពសប្បុរសធម៌បែបនេះ។ លោក ហៀង សេង បានប្ដេជ្ញាថា លោកនឹងបន្តចូលរួមឧបត្ថម្ភជាអាហារបន្តទៀតជាមួយមូលនិធិ ម៉េងលី ជេ. គួច។

កញ្ញា លី ណារីន ក្មេងកំព្រាធ្លាប់ស្នាក់នៅក្នុងអង្គការអាហ្វេស៉ីបកម្ពុជា និងបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្ដែងអំណរគុណយ៉ាងខ្លាំងចំពោះមូលនិធិ ម៉េងលី ជេ.គួច ព្រមទាំងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានផ្ដល់អំណោយឧបត្ថម្ភជាស្បៀងអាហារដល់អង្គការអាហ្វេស៉ីបកម្ពុជា។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះមូលនិធិ ម៉េងលី ជេ. គួច បានអនុវត្តកម្មវិធីអាហារសប្បុរសធម៌សរុបចំនួន ៣២០លើករួចមកហើយ និងបានចំណាយថវិកាសរុបប្រមាណជិត ៥០ម៉ឺនដុល្លារអាមេរិក។ មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្រោមគំនិតផ្ដួចផ្ដើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងគោលបំណងធ្វើការងារសប្បុរសធម៌ អភិវឌ្ឍអក្ខរកម្ម និងការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ន មូលនិធិ ម៉េងលី ជេ. គួច បានកំពុងអនុវត្តនូវកម្មវិធីចំនួន៤ និងគម្រោងចំនួន ២០ក្នុងតំបន់គោលដៅចំនួន ២៥រាជធានី-ខេត្ត និងមានអ្នកទទួលផលសរុបជាង ៦៦ម៉ឺននាក់ ចំណាយថវិកាសរុបប្រមាណ ៧លានដុល្លារអាមេរិក៕