(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំទៅដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គិភ័យដែលបង្កឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា​ និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះលោកអភិបាលខេត្តបានការកោតសសេី និងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់ប្រភេទដែលបានចូលរួមថែរក្សា​ សន្តិសុខសណ្តាប់ធ្នាប់បានល្អជូនដល់ប្រជាពលរដ្ឋ។

បន្ថែមលើសពីនេះលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ​ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ​។

*ទី២៖ មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងរដ្ឋបាលក្រុង ស្រុក​ ត្រូវរៀបចំតុបតែភ្លេីងលម្អរឱ្យបានស្អាតសម្រាប់ទទួលទេវតាឆ្នាំថ្មី​ ក៏ដូចជាប្រជាពលរដ្ឋមកលេងកម្សាន្ត។ 

*ទី៣៖ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។

*ទី៤៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

*ទី៥៖ អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជំរុញ និងទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗដែលរំលោភមកលេីដីចំណីផ្លូវ​របស់រដ្ឋ៕