(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី១ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខា

ភិបាលខេត្តនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រីញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងលោកវេជ្ជបណ្ឌិតជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ា រ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃក្រសួងសុខាភិបាល។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកគ្រូពេទ្យ ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់របស់ក្រុមការងារ ដែលធ្វើឲ្យខេត្តរតនគិរីស្ថានភាពជំងឺគ្រុនចាញ់ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺក្នុងឆ្នាំ២០២១ មានចំនួន ៣៩៦ករណី  ឆ្នាំ២០២២មានចំនួន ២៦៣ករណី និង ឆ្នាំ២០២៣ មានតែ៦៩ករណីប៉ុណ្ណោះបើរប្រៀបធៀបករណី គ្រុនចាញ់ឆ្នាំ២០២២និងឆ្នាំ២០២៣ ឃើញថាករណីគ្រុនចាញ់ធ្លាក់ចុះ៧៤% ។

លោកវេជ្ជបណ្ឌិតជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ា រ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់និងស្នើសុំសមាជិក កុមការងារ ពិសេសលុបបាត់ជំងឺគ្រុនចាញ់ទាំងអស់ជួយណែនាំ ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជំងឺគ្រុនចាញ់ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជំងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ស្នើសុំសមាជិក ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយ ផ្សព្វផ្សាយពីវិធានការ ការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជន ឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃឬចំការវិញ និងពេលមានគ្រុនក្តៅ។

លោកស្រី ញាន ទិត្យចិន្តា បានសម្តែងនូវមោទនភាពជាខ្លាំងដែលមន្ទីរសុខាភិបាលខេត្ត តែងតែបានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុប បំបាត់ជំងឺគ្រុនចាញ់នេះបានទៀងទាត់រាល់មួយត្រីមាសម្តង។

លោកស្រីបានបន្តថា បើយើងក្រឡេកមើលករណីគ្រុនចាញ់ក្នុងខេត្តរតនគិរី ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាករណីគ្រុនចាញ់មានការធ្លាក់ ចុះច្រើនគួរឲ្យកត់សំគាល់ ជាពិសេសក្នុងឆ្នាំ២០២៣នេះ ករណីគ្រុនចាញ់ មានការធ្លាក់ចុះច្រើនបើប្រៀបនឹង ឆ្នាំ២០២២ រហូតដល់ ៧៤%។

ទាំងអស់នេះបញ្ជាក់ឲ្យឃើញច្បាស់ថា មន្ទីរសុខាភិបាល ខេត្ត ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាជន ក្នុងនោះផង ដែរក៏មានការចូលរួមរបស់អង្គការដៃគូរ និង អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងអស់ដែលបានចូលរួមសហការគ្នា ទើបធ្វើឲ្យសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០២៥៕