(កំពង់ចាម)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សាពិនិត្យលើវឌ្ឍនភាព នៃដំណើរការសាងសង់កែលម្អផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូម៉ែត្រ គឺព្រុំប្រទល់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកទល់និងគល់ស្ពានគីហ្សូណាក្នុងក្រុងកំពង់ចាម។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាកខេត្តកំពង់ចាម។

តំណាងក្រុមហ៊ុន CRBC បានឱ្យដឹងថា យោងតាមការណែនាំចាប់ផ្ដើមការដ្ឋានសាងសង់របស់ក្រុមព្រឹក្សាត្រួតពិនិត្យបច្ចេកទេស គម្រោងចាប់គិតថ្ងៃសាងសង់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដំណើរការសាងសង់ នៅការដ្ឋានរហូតមកដល់ពេលនេះ មានដូចជាការងារឈូសឆាយមួយចំហៀងមានប្រវែង ៣៨គ.ម សម្រេចបាន ៤១,៧៦% និងចាក់បំពេញផ្លូវបាន ២២,៥៩ ម៉ឺនម៉ែត្រកីប សម្រេចបាន១៦,៥៥%។

រីឯការងារសាងសង់ស្ពានសម្រេចគ្រឹះស្ពានចំនួន ៤៤ ដើម សម្រេចបាន ៧៣,៣៣% ក្បាលគ្រឹះស្ពាន ៨ សម្រេចបាន ៥០% និងតួរគ្រឹះស្ពានបានចំនួន ៥ សម្រេចបាន៣១,២៥%។ ការងារសាងសង់លូ គឺលូមូលសម្រេចបានចំនួន ២៨ កន្លែង (មួយចំហៀង) សម្រេចបាន២៦,៩២%។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កន្លងមកនេះក្រុមការងារដោះស្រាយផលប៉ះពាល់ បានខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាមិនឱ្យស្ទះការងារ របស់ក្រុមហ៊ុននោះទេ។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដែរទាំងក្រុមការងារបច្ចេកទេស និងក្រុមការងារដោះស្រាយផលប៉ះពាល់ ដែលបានខិតខំបំពេញការងារ ជាមួយបងប្អូនប្រជាពលរដ្ឋអាចទទួលយកបាន ដើម្បីបង្កលក្ខណៈឲ្យក្រុមហ៊ុនធ្វើការងារសាងសង់ទទួលបានជោគជ័យ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យនៃវឌ្ឍនភាពការងារសាងសង់កែលម្អផ្លូវជាតិលេខ៧ ពីស្គន់ ស្រុកជើងព្រៃ មកក្រុងកំពង់ចាម ក្នុងការដោះស្រាយការងារនៅមូលដ្ឋាន ក៏ដូចជាសំណូមពរ ពីក្រុមហ៊ុន សាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានសម្រេចទៅតាមការគ្រោងទុក ធ្វើយ៉ាងណាឱ្យបានជាផ្លូវ៤គន្លង ដើម្បីសម្រួលដល់ ការរស់នៅរបស់ប្រជាជន មានកំណើនសេដ្ឋកិច្ច និងសង្គម៕