(សៀមរាប)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធ បុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានជំរុញដល់ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រួមកិច្ចសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ ឲ្យបានទាន់ចិត្ត និង បរិយាកាសគ្មានវិវាទ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥។

ដោយខេត្តសៀមរាប នៅសេសសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លី ប្រមាណ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោម ក្នុងតំបន់៣ តំបន់២បឹងទន្លេសាប។ ការចុះបញ្ជីដីធ្លីនេះ គឺសេវាគាប់ចិត្ត សេវាចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាព ធ្វើឲ្យអ្នកទទួលសេវាមានការជឿទុកចិត្ត និងសុវត្ថិភាព។ ម៉្យាងទៀត ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ជឿជាក់លើការដឹងនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងការចុះបញ្ជីដីធ្លីបញ្ចប់នូវរាល់វិវាទ។

ការជំរុញយ៉ាងដូច្នេះរបស់លោក សរ សុវណ្ណ ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា លោក លោកស្រី ជាសមាជិកក្រុមការងារ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ពីវឌ្ឍនៈភាព លើការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តសៀមរាប និងទិន្នន័យដីធ្លីប៉ះពាល់បុរាណដ្ឋានទូទាំងខេត្ត មានចំនួន១៩ពាន់ក្បាលដី។ ដោយឡែក ក្នុងក្រុងសៀមរាប ដែលមន្ទីរទទួលបានទិន្នន័យបុរាណដ្ឋានពីអាជ្ញាធរជាតិអប្សរា ចំនួន៣២៦ ទីតាំងបុរាណដ្ឋាន ក្នុងសង្កាត់ទាំង១២។ ក្នុងនោះដែរ បុរាណដ្ឋាន ៤៥ទីតាំងស្ថិតក្នុងតំបន់២ និងតំបន់៣ នៃអាជ្ញាធរបឹងទន្លេសាប ដែលបច្ចុប្បន្នកំពុថវាស់វែងប្រមូលទិន្នន័យ និង២៨១ទីតាំងទៀត ស្ថិតក្នុងតំបន់អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួច មានប្រជាពលរដ្ឋកាន់កាប់ជាន់លើបុរាណដ្ឋានចំនួន ៥ពាន់៦៧០ក្បាលដី។

លោក លី សំរិទ្ធ អភិបាលរងខេត្ត បានបញ្ជាក់ថា ការបង្កើតក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាការបង្កើតយន្តការសម្រាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលពាក់ព័ន្ធទៅនឹងដីធ្លីបុរាណដ្ឋាន។ ម៉្យាងទៀតកិច្ចប្រជុំនេះ និងកំណត់បាននូលក្ខណៈវិនិច្ឆ័យមួយដ៏សុក្រឹត្យ សម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់កន្លងមក ត្រូវធ្វើឲ្យបានចប់សព្វគ្រប់នៅតាមក្រុង ស្រុក សំខាន់នៅក្រុងសៀមរាប។

ទន្ទឹមនឹងនោះដែរ លោក សរ សុវណ្ណ ក៏បានលើកនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺយើងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផល។ លោកបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគួរបងប្អូនមានផលប៉ះពាល់បុរាណដ្ឋាន ចំនួន៥ពាន់៦៧០ក្បាលដីនៅក្រុងសៀមរាប។ កិច្ចប្រជុំនេះ ដើមី្បរឹះរកនូវដំណោះស្រាយ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត នៅទូទាំងខេត្តសៀមរាប ដីដែលប៉ះពាល់បុរាណដ្ឋានមានចំនួន១៩ពាន់ក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យ។

លោក សរ សុវណ្ណ ក៏សូមឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើ ដើមី្បដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។ ក្នុងនោះដែរ ក្រុមការងារក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយទៅលើដីបុរាណដ្ឋាន ដើមី្បឲ្យបងប្អូនមានក្តីសង្ឃឹមទៅមុខ។

លោកបានបញ្ជាក់នូវខ្លឹមសារ អត្ថន័យ មូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ ជូនដល់ប្រទេសកម្ពុជា ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើលើគ្រប់វិស័យ។

លោកបានបញ្ជាក់ថា យុទ្ធនាការនេះ សំដៅក្នុងការចុះបញ្ជីដីបញ្ចប់, សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ដោយដីនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវរួមគ្នាបញ្ចប់ការចុះបញ្ជីឲ្យអស់។ រាល់សកម្មភាពការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ជាលទ្ធផលបានចំនួន ៧លាន ៣សែនក្បាលដី ដោយមានការចូលរួមគ្រប់បណ្តារាជធានី ខេត្ត។ ដោយឡែក នៅខេត្តសៀមរាប ការចុះបញ្ជីដីធ្លីបានប្រមាណ ៣០ម៉ឺនក្បាលដីផងដែរ។ យោងតាមការប៉ាន់ប្រមាណនៅទូទាំងប្រទេស ការមិនទាន់បានចុះបញ្ជីមានប្រមាណ ៥លានក្បាលដីផងដែរ៕