(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៤២នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F3) មូលហេតុបណ្ដាលមកពីក្រុមការងារក្រុមហ៊ុន រួសផែ ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការដោះខ្នែងបំបែកខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) និងភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧៖០៣នាទីល្ងាច លើកលែងតែបន្ទប់ភ្លើងលេខ P2603 ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូច ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២០៖០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕