(ឡាវ, វៀងច័ន្ទ)៖ ស្មារតីយកចិត្តទុកដាក់លើសុខទុក្ខចំពោះពលរដ្ឋខ្មែរតែងមានជានិច្ចសម្រាប់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀងជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាម និស្សិត និងអ្នកវិនិយោគរបស់ខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងរកស៊ីនៅក្នុងប្រទេសឡាវ។

ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតទាំងអស់ ខិតខំយកចិត​ទុក​ដាក់រៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅ​ជួយ​ដល់​សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះ​ម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១) រក្សាបានក្រមសីលធម៌, ២) កសាងទំនាក់ទំនងឱ្យបានល្អប្រសើរ ពិសេសមិត្តភាព និង៣) ខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។

កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់​ទំនង​កម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស​ទស្សន​កិច្ច​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕