(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយលោក ហ៊ុន សារឿន ឯកអគ្គរាជទូត

និងមានការចូលរួមសហការពីសំណាក់មន្ត្រីការទូត និងបុគ្គលិកស្ថានទូត បានរៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅអគារមហោស្រព C-asean ស្ថិតក្នុងក្រុងបាងកក ប្រទេសថៃ។

កម្មវិធីនេះទទួលបានការសហការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់តាំងក្រុមសិល្បករ និងសិល្បការិនី ចំនួន ១៥រូប មកពីនាយកដ្ឋានសិល្បៈទស្សនីយភាព ឱ្យមកចូលរួមសំដែងសិល្បៈ និងរបាំប្រពៃណីជាតិ មានជាអាទិ៍៖ របាំបួងសួងព្រាហ្មណ៍ របាំអប្សរា ប៉ីពកសូឡូបទបំពេរ របាំជូនពរ របាំមណីមេខលា ព្រសោសូឡូបទព្រះថោង ប៉ីអសូឡូបទ រៃយំ របាំហោមរោងយីកស្រឡៃសូឡូបទជើតចាប់ និងរបាំក្ងោកប៉ៃលិន។

ឆ្លើយតបការអញ្ជើញរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក តំណាងអង្គការអន្តរជាតិ
តំណាងក្រសួង-ស្ថាប័នរដ្ឋថៃ វិស័យឯកជនថៃ តំណាងក្រសួង-ស្ថាប័នរដ្ឋកម្ពុជា សិស្ស-និស្សិតខ្មែរ និងថៃ សរុបប្រមាណ ៣០០រូប មកពី ១០៣ស្ថាប័ន និង ៥៦ជនជាតិ បានអញ្ជើញចូលរួមកម្មវិធីខាងលើ។

កម្មវិធីខាងលើត្រូវបានប្រារឰធ្វើឡើង តបតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លាតវាងវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានណែនាំឱ្យស្ថានតំណាងកម្ពុជានៅបរទេស រៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ឱ្យបានឱឡារិកអធិកអធម ចាប់ពីខែមីនា រហូតដល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ក្នុងគោលបំណង (១). រម្លឹកដល់គុណូប្បការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបូជាជីវិតបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ (២). ដាស់តឿនពញ្ញាក់ស្មារតីកូនខ្មែរគ្រប់រូប គ្រប់និន្នាការ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន ឱ្យមានមនសិកាស្រឡាញ់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិ ព្រមទាំងសំភីចូលរួមធ្វើសកម្មភាពអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិឱ្យគង់វង្ស ស្ថិតស្ថេរ រុងរឿងខ្ពស់ត្រដែត និងត្រចះត្រចង់ និង(៣). ផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ អត្តសញ្ញាណ
ជាតិខ្មែរ និងកេរ្តិ៍ដំណែលវប្បធម៌ដូនតាខ្មែរទាំងរូបី និងអរូបី ឱ្យអន្តរជាតិគ្រប់ទិសទីបានស្គាល់ និងទទួលស្គាល់យ៉ាងទូលំទូលាយ ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»៕