(ភ្នំពេញ)៖ លោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅចូលរួមវេទិកា World Knowledge Forum ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខនេះ ហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលយកការអញ្ជើញរបស់ភាគីកូរ៉េផងដែរ។

ការអញ្ជើញនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបណ្ឌិត ចាង ដេវ៉ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួប សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។

លោក ចាង ដេវ៉ាន បានជម្រាបជូន សម្តេចតេជោថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែល សម្ដេចតេជោ បានអនុញ្ញាឱ្យចូលជួប សម្ដែងការគួរសម នៅពេលនេះ និង បានពាំនាំបណ្តាក្រុមហ៊ុនកូរ៉េ ជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។ សម្តេចបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់វិស័យសំខាន់ៗចំនួន៥គឺ៖

១៖ ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត
២៖ ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ឱ្យកាន់តែរីកចម្រើនរឹងមាំ
៣៖ ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព
៤៖ ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT)
៥៖ ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់សាលារាជធានីភ្នំពេញ៕