(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំបងប្អូនជាសហគ្រិនក្នុងវិស័យនានាក្នុងរាជធានីភ្នំពេញ ប្រមាណ២៥០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

នៅក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានបញ្ជាក់ជូនបងប្អូនជាសហគ្រិនថា ដំណើរទស្សនកិច្ចនេះមានគោលបំណងធំៗចំនួន៣ រួមមាន៖

*ទី១៖ ការសិក្សាស្វែងអំពីវីរភាពពិតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម
*ទី២៖ ការចុះមកសិក្សាស្វែងយល់ដល់ទីតាំងប្រវត្តិសាស្ត្រជាក់ស្តែងដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
*ទី៣៖ ការឃើញដោយផ្ទាល់អំពីការប្រែក្លាយ និងអភិវឌ្ឍតំបន់ជាប់ព្រំដែន ជាពិសេសតំបន់ X-16 នេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនេះ បងប្អូនសហគ្រិនបានទស្សនាទីតាំងតំបន់ប្រវត្តិសាស្រ្ត, ទស្សនាដោយសង្ខេបនូវខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបូរណ៌មី និងបានស្តាប់បទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដែលរួមមាន ទីតាំងដែលសម្ដេចតេជោបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-16 នេះ។

ឆ្លៀតក្នុងឱកាសនោះ បងប្អូនសហគ្រិនក៏បានពាំនាំនូវសម្ភារសិក្សាមួយចំនួន សម្រាប់ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្មផងដែរ។

សូមជម្រាបជូនថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣មក លោក នួន ផារ័ត្ន​ បានដឹកនាំក្រុមយុវជនតាមភូមិ សង្កាត់ សិស្សនិស្សិត គ្រូបង្រៀន ព្រះសង្ឃ គ្រូពេទ្យ សហគ្រិនសរុបជាង២០០០នាក់មកហើយ មកទស្សនកិច្ចនៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 នេះ៕