(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ មានចក្ខុវិស័យ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធតភ្ជប់ពីទីប្រជុំជន ទៅរមណីយដ្ឋានទេសចរណ៍ សាងសង់ និងកែលម្អវិស័យទូរគមនាគមន៍នៅតំបន់ទេសចរណ៍ ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នានា និងកែលម្អសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកំសាន្តនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាកំសាន្ត នៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តឱ្យបានច្រើនកុះករ។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាវប្បធម៍ធម្មជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការចូលរួមពីលោក ខូយ ឃុនហរ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងថា ការរៀបចំទិវាវប្បធម៌ជាតិនាឱកាសនេះ ក្នុងគោលបំណងដើម្បីបំផុសស្មារតីស្រឡាញ់លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតក វប្បធម៍ជាតិ ដល់មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមាន៖

*ស្មារតីដឹងគុណចំពោះបុព្វការីជន ដែលបានខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៍ជាតិដ៍សម្បូរបែប និងអច្ឆរិយៈ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព។
*ផ្សព្វផ្សាយវប្បធម៍ដ៍រុងរឿង ភាពសុខសាន្តរបស់ប្រជាជននិងប្រជាជាតិ ព្រមទាំងបំផុសគំនិតស្រឡាញ់ និងស្មារតីចូលរួមកាន់តែសកម្ម ក្នុងការថែរក្សាការពារមរតកវប្បធម៍ជាតិ ទាំងរូបីនិងអរូបី។
*ជំរុញបង្កើតឱ្យមានសេវាកម្ម ផលិតផលវប្បធម៍ ជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្មលក្ខណៈវប្បធម៍ប្រពៃណី។

លោក គីម រិទ្ធី បានថ្លែងទៀតថា ការជួបជុំនាថ្ងៃនេះគឺស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកនយោបាយ ពីសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ស្វែងរកការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេសគីការយកចិត្តទុកដាក់គិតគូរអំពីការអភិវក្ស និងការអភិវឌ្ឍន៍សម្បត្តិវប្បធម៌ ប្រពៃណី ដែលជាមរតកដ៍ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្មែរបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា វិស័យទេសចរណ៍ វប្បធម៌ គឺជាវិស័យអាទិភាពសំខាន់មួយសម្រាប់ខេត្តព្រះវិហាររបស់យើង ដោយនៅក្នុងភូមិសាស្ត្រខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ធនធានធម្មជាតិ អរិយធម៍ វប្បធម៍ និងទីកន្លែងមានសក្តានុពលទេសចរណ៍ច្រើន ដែលក្នុងនោះយើងមានប្រាង្គប្រាសាទបុរាណសរុបចំនួន២៨៦ប្រាសាទ ចំណែកប្រាសាទធំៗរួមមាន៖ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ប្រាសាទបាកានឫព្រះខ័ន្ធ ប្រាសាទនាគបួស ប្រាសាទព្រលាន ប្រាសាទខ្នាសែនកែវ និងប្រាសាទខ្នាពណ្ណរាយ ក្នុងចំណោមប្រាសាទទាំងនោះមានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក គីម រិទ្ធី ថ្លែងបន្តថា រដ្ឋបាលខេត្តព្រះវិហារមានចក្ខុវិស័យក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ថនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីប្រជុំជនទៅរមណីយដ្ឋានទេសចរណ៍ ដោយសាងសង់ និងកែលម្អវិស័យទូរគមនាគមន៍នៅតំបន់ទេសចរណ៍។

លោកក៏អំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ និងយុវជន នៅទូទាំងខេត្តព្រះវិហារ សូមធ្វើការប្តេជ្ញាពង្រឹងឱ្យបានជាដាច់ខាត នូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍមរតកវប្បធម៍ជាតិដែលបុព្វបុរសបន្សល់ទុកឱ្យ ដើម្បីជាប្រយោជន៍ដ៍ឧត្តុង្គឧត្តមរបស់សង្គមជាតិ និងប្រជាជន៕