(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងខេត្តតំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំ ទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនឹងត្រូវអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងព្រះបទុមចេតីយ និងសមិទ្ធផលនានា ក្នុងវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់​ មន្ទីរអង្គភាពនានាជុំវិញខេត្ត និងតំណាងយុវជន ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

គួរជម្រាបជូនថា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឆ្លងព្រះបទុមចេតីយ និងសមិទ្ធផលនានា ក្នុងវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានតម្លៃសរុប ១លាន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារ របស់ក្រុមការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ច តាមផ្នែកនីមួយៗ និងការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដូចជាការងារសម្របសម្រួលរៀបចំទទួលបដិសណ្ឋារកិច្ច ជូនគណៈប្រតិភូ  ការងារផ្សព្វផ្សាយ និងការផ្សាយផ្ទាល់ពិសេស ការគ្រប់គ្រង និងសម្របសម្រួលអំឡុងពេលកម្មវិធី ការតុបតែងផ្សព្វផ្សាយតាមដងផ្លូវ និងការចងបដានានា ការងារបរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសុខាភិបាល ការរៀបចំត្រៀមឡានសង្គ្រោះបន្ទាន់តាមគោលដៅសំខាន់ៗផងដែរ៕