(ភ្នំពេញ)៖ កម្លាំងនគរបាលនាយដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានតាមស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនមន្រ្តីយោធាម្នាក់ ដែលពាក់ព័ន្ធសម្លាប់ជនរងគ្រោះដាក់ចូលវ៉ាលី រួចយកសពទៅបោះចោលនៅខេត្តកោះកុង។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលបាននាំជនសង្ស័យមកឆែកបន្ទប់នៅទីតាំងខុនដូ UK 548 បន្ទប់លេខ១៦១៦ ជាន់ទី១៦ ផ្លូវលេខ៥៤៨ ក្រុម៣៤ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញ៉េប សុខុម អាយុ៣៧ឆ្នាំ មុខរបរទាហាននៅ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្រសួងការពារជាតិ ស្នាក់នៅផ្ទះ158B ផ្លូវលេខ156 សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣៣ឆ្នាំ។

ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានដកហូតប័ណ្ណសម្គាល់ខ្លួននាយទាហាន១ និងសម្ភាររបស់សពដែលទុកនៅខុនដូនូវម៉ូតូ១គ្រឿងម៉ាក Today ពណ៌ក្រហម ពាក់ស្នាកលេខ ភ្នំពេញ 1II-2133។ សម្រាប់មូលហេតុដែលនាំ អំពើឃាតកម្មនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

ជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី៕