(ភ្នំពេញ)៖ លោក សុខ សំណាង និងក្រុមគ្រួសារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន២ម៉ឺនដុល្លារ និងភេសជ្ជៈប៉ូការីស្វេត ឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា។

លោក សុខ សំណាង សង្ឃឹមថា សកម្មភាពមនុស្សធម៌នេះ នឹងបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលបានមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ហើយ លោក ក៏បានបង្ហាញការតាំងចិត្ត និងព្យាយាមក្នុងការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ឪ្យបានជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក សុខ សំណាង និងក្រុមគ្រួសារ ហើយក៏បានបង្ហាញអំពីការកោតសរសើរ ចំពោះទឹកចិត្ត និងទំនួលខុសត្រូវសង្គម របស់រូបលោក ផងដែរ។

លោក សុខ សំណាង តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពចូលរួមឧបត្ថម្ភ តាមរយៈរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា, ការទិញវ៉ាក់សាំង និងសកម្មភាពកាកបាទក្រហមកម្ពុជាជាដើម។

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ ដែលប្រកបដោយការ យកចិត្តទុកដាក់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត៕