(កណ្តាល)៖ គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានចុះធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត អនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និង ODF+ នៅខេត្តកណ្តាល ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅថ្នាក់ជាតិ និងបានប្រកាសផ្ទៃក្នុងរបស់ខេត្ត ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF+ នៅដើមឆ្នាំ២០២៤នេះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានលើកឡើងថា អាស្រ័យដោយចង់ឱ្យរដ្ឋបាលខេត្តកណ្តាល មានកិត្តិយស មានកេរ្តិ៍ឈ្មោះ មានកិត្យានុភាព ជាពិសេសចង់ឱ្យប្រជាពលរដ្ឋខេត្តកណ្តាល មានសុខភាពល្អ មានជីវភាពធូរធារ មានអនាម័យបរិស្ថានស្អាត រដ្ឋបាលខេត្ត ដែលមានលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ អង្គការដៃគូ បានប្តេជ្ញាចិត្តរួមគ្នាថាត្រូវតែសម្រេចឱ្យបានខេត្តកណ្តាលជាខេត្ត ODF និងODF+។

លោកស្រីប្រធានមន្ទីរ បានបន្តថា ភាពជោគជ័យ នៃការសម្រេចបាន ODF និង ODF+នេះ គឺអាស្រ័យដោយមានការគាំទ្រពីគ្រប់ ភាគីពាក់ព័ន្ធទាំងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ ក៏ដូចអង្គការដៃគូ ជាពិសេសការគាំទ្រជាសម្ភារ និងថវិកា ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលតែម្តង រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សប្បុរសជននានា ក៏ដូចអង្គការដៃគូផងដែរ។ ជាពិសេសការយល់ដឹង ការចូលរួមប្រើប្រាស់ និងការសាងសង់បង្គន់របស់ប្រជាពលរដ្ឋ។

លោកស្រីប្រធានមន្ទីរ បានឱ្យដឹងថា ស្ថានភាពអនាម័យខេត្តកណ្តាល នៅឆ្នាំ២០២៣ បង្ហាញឱ្យឃើញថា ខ្នងផ្ទះសរុប មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែងមានចំនួន ២៦៨,០៩២ខ្នងផ្ទះ ខ្នងផ្ទះសរុបមានបង្គន់ប្រើមានចំនួន ២៦៨,០៩២ ខ្នងផ្ទះ ស្មើ១០០% ក្នុងនោះ ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួនមានចំនួន ២៦៤, ៥៤៥ ស្មើ ៩៨.៧%, ខ្នងផ្ទះប្រើបង្គន់រួមមានចំនួន ៣,៥៧៥ ស្មើ ១.៣%, ក្រុង-ស្រុក ODF+ មានចំនួន ១៣ក្រុង-ស្រុក, ឃុំសង្កាត់ ODF+ មានចំនួន ១២៧ឃុំ-សង្កាត់, ភូមិ ODF+ មានចំនួន ១,០១០ភូមិ៕