(ហ្សការតា)៖ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញផ្តល់សន្ទរកថា ស្តីពី «អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន»។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន លោកបណ្ឌិត កៅ គឹមហួន នឹងឆ្លៀតឱកាសដើម្បីជួបទ្វេភាគី និងផ្តល់កិច្ចសម្ភាសន៍មួយចំនួន ដើម្បីជំរុញការទូតសាធារណៈអាស៊ាន ក៏ដូចជាជំរុញឱ្យមើលឃើញអាស៊ានកាន់តែច្បាស់៕