(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការស្តីទី កងពលតូចលេខ៧០ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់លោក BARK KEUN CHOUL តំណាងរាស្រ្តខេត្ត Gyeonggi-do តំណាងលោកអភិបាលខេត្ត Gyeonggi-do នៃសាធារណៈរដ្ឋកូរ៉េ និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។​

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដួង រ៉ា បាននាំនូវការផ្តាំផ្ញេីរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក និងជំនួសមុខលោកមេបញ្ជាការកងពលតូចលេខ៧០ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះលោក BARK KEUN CHOUL និងលោកអភិបាលខេត្ត Gyeonggi-do ក៏ដូចជាលោក AN JOONG HYUN ប្រធានប្រតិបត្តិខេត្ត លោក PARK WOO HEE ប្រធានអង្គការមូលនិធិ GO&DO និងអង្គភាពពន្លត់អគ្គិភ័យខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ជំនួយនូវរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង និងរថយន្តសង្រ្គោះចំនួន២គ្រឿង ដល់កងពលតូចលេខ៧០​នាពេលនេះ ដេីម្បីជួយបម្រេីដល់អង្គភាព និងបម្រេីដល់ប្រជាពលរដ្ឋដែលបានជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផងដែរ។​

លោកមេបញ្ជាការស្តីទី ក៏បានជូនពរលោក BARK KEUN CHOUL តំណាងរាស្រ្តខេត្ត Gyeonggi-do និងគណៈប្រតិភូធ្វេីដំណេីរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ព្រមទាំងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕