(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២,៤៤៤នាក់ ដើម្បីពង្រឹងការដឹកនាំនិងគ្រប់គ្រងស្ថាប័នសុខាភិបាល ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះវគ្គសិក្សាផ្តោតលើការដឹកនាំ និងការលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព ដែលមានគោលបំណងឱ្យថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ឋានានុក្រមបានដឹងពីលក្ខណៈសំគាល់ ទាំង៨ របស់ក្រុមការងារដែលធ្វើការមានប្រសិទ្ធិភាព (Eight Characteristics of Effective Teams)ដែលរួមមាន៖

១៖ ក្រុមការងារមានគោលបំណងច្បាស់លាស់
២៖ មានការចែករំលែកក្នុងភាពជាអ្នកដឹកនាំក្នុងក្រុម
៣៖ មានរចនាសម្ព័ន្ធសមល្មមសម្រាប់ធ្វើឱ្យការងារដំណើរការទៅមុខ
៤៖ បានកៀរគរការចូលរួមពេញលេញពីសមាជិកក្រុម
៥៖ ក្រុមការងារក្រសោបនិងផ្តល់តំលៃលើភាពខុសៗគ្នារបស់សមាជិកម្នាក់នៃក្រុម
៦៖ សមាជិកនៃក្រុមបន្តរៀនសូត្រពីអ្វីដែលកើតឡើងដោយមិនបានព្រាងទុកជាមុន
៧៖ សមាជិកនៃក្រុមប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក
៨៖ សមាជិកសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំទាំងអស់យកទ្រឹស្តីនៃការដឹកនាំក្រុមការងារនេះ ធ្វើការឆ្លុះបញ្ចាំងទៅលើក្រុមការងារដែលមានស្រាប់ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃកម្លាំងរបស់ក្រុមសំដៅស្វែងរកការកែលំអរ ដើម្បីរៀបចំក្រុមការងារដែលផ្តោតលើការផ្តល់សេវាដែលមានគុណភាពដល់អតិថិជន និងសម្រាប់មន្រ្តីសុខាភិបាលក្រោមឱវាទ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕