(ស្ទឹងត្រែង)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឱកាសនោះលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកអំណោយសម្ភារៈសិក្សា និងថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន៤៨៩នាក់ ស្រីចំនួន៣២២នាក់ ទៅចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ នៅវត្តបញ្ញាវរារាម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ដោយសហការជាមួយ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង, សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ, មន្ទីរជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក-ខេត្ត ដែលពាក់ព័ន្ធ ចូលរួមដោយ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខេត្តរតនគិរី និងក្រុមការងារ ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៧៧៩៦នាក់ ស្រ្តីមានចំនួន ៥៣៧៩ នាក់ ដោយលើសផែនការ។

នាឱកាសនោះ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា «ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ»

លោកបន្ថែមថា «ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ»

សូមបញ្ជាក់ថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៤ មីនា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា) ដឹកនាំនិងសម្របសម្រួលដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១៩០២ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៦៦,៤២៨ នាក់ (ដប់បីលាន ដប់ប្រាំមួយម៉ឺន ប្រាំមួយពាន់ បួនរយ ម្ភៃប្រាំបី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣៦,៩២៨ នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ម្ភៃប្រាំបី នាក់)គិតត្រឹម ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៨,៣២១,៤០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំបីលាន សាមសិបពីរម៉ឺន មួយពាន់ បួនរយ ដុល្លារសហរដ្ឋអាមេរិក)។

រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,៤៣២ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនបួនរយសាមសិបពីរដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់បន្ថែមថា «ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ»