(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះ លោកអភិសន្តិបណ្ឌិត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។

ក្នុងជំនួបនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួប នាឱកាសនេះថា ជាការបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។  

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន កាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត និងលោកអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា ដូចជាអំពើឆបោកតាមប្រព័ន្ធអ៊ិនធឺណិត- Online Scamming បទល្មើសសេដ្ឋកិច្ច និងការងារប្រយុទប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែន ដែលភាគីកម្ពុជា និងអូស្រ្តាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។

មុននឹងបញ្ចប់ លោកអភិសន្តិបណ្ឌិត បានបង្ហាញក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត និងការជឿជាក់ថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ  កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕