(កំពង់ធំ)៖ លោកស្រី សុខ ចន្ទធូ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ បានជំរុញឲ្យឃុំគោលដៅទាំងអស់ បង្កើនកិច្ចសហការ ក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព ឲ្យមានប្រសិទ្ធភាព។

លោកស្រីថ្លែងដូចនេះ ក្នុងកម្មវិធីសិក្សាសាលា ស្តីពីប្រកាសអនុវត្តគម្រោង ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។

លោក លឹម វៃ ប្រធានកម្មវិធីអង្គការ (AFD) បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់ឃុំ គោលដៅធ្វើឲ្យប្រសើរឡើង និងបន្តចូលរួមសហការឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាបំរើសេវាដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវ ដោយអនុឡោម ទៅតាមច្បាប់ដែលបានកំណត់។

លោកស្រី សុខ ចន្ទធូ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត ទទួលបន្ទុកកិច្ចការស្ត្រី និងកុមារខេត្ត សូមកោតសរសើរចំពោះម្ចាស់ជំនួយ ដែលបានជួយដល់ការងារអភិវឌ្ឍន៍ ដើម្បីបង្កើននូវគណនេយ្យភាព និងតម្លាភាពជាក់ស្តែង នៅក្នុងថ្ងៃនេះ អង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តគម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»។

គម្រោងនេះត្រូវបានអនុវត្តនៅក្នុងស្រុកតាំងគោក និងស្រុកកំពង់ស្វាយ លើ១២ឃុំ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរួមគ្នារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គោលដៅ ដៃគូអនុវត្តគម្រោង និងភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍គោលដៅអំពីគោលដៅ គោលបំណង និងសកម្មភាពរបស់គម្រោង និងបង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់គោលដៅ ដៃគូអនុវត្តគម្រោង និងភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍គោលដៅ ក្នុងការអនុវត្តគម្រោង និងសកម្មភាពរួមគ្នា ដើម្បីចូលរួមចំណែកក្នុងការការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិដែលគាំទ្រថវិកាពីប្រទេសញូសាឡែន (Newsland) និង អង្គការមូលនិធិអាស៊ី (TAF) តាមរយៈអង្គការសម្ពន្ធ័ភាពដៃគូសំរាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដែលអនុវត្តដោយ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ។

លោកស្រី បានថ្លែងថា ការបង្កើនតម្លាភាព និងតម្លាភាពរដ្ឋបាលមូលដ្ឋាន ពិតជាសំខាន់ហើយ មានការឆ្លើយតបទៅនឹងតម្រូវការបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ប្រជាពលរដ្ឋគឺជាអ្នកដែលមានតម្រូវការខ្ពស់ ក្នុងការរស់នៅ ជីវភាព ក៏ដូចជាអាជីវកម្មនានា ឆ្លើយតបទៅនឹងសិទ្ធិ និងច្បាប់នៃប្រទេសកម្ពុជារបស់យើងផងដែរ។

លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយប្រទេស ញូសាឡេន ក៏ដូចជាអង្គការមូលនិធិអាស៊ី អង្គការអង្គការសម្ពន្ធ័ភាពដៃគូសំរាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និង អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដែលបាន បន្តខិតខំប្រឹងប្រែងជួយលើកកម្ពស់តម្លាភាព គណនេយ្យភាព ជាពិសេស គឺតម្លាភាពលើថវិការបស់រដ្ឋបាល មូលដ្ឋាននៅក្នុងស្រុកគោលដៅ ក៏ដូចជារដ្ឋបាលសាលាខេត្តផងដែរ ហើយសូមកោតសរសើរ ចំពោះកិច្ចសហការ និងការចូលរួមចំណែកក្នុង ការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើង ក្នុងអាណត្តិទី ៧ ឲ្យបានប្រសើរឡើង ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕