(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ បានកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ស្របតាមសក្តានុពលដែលមាននៅក្នុងខេត្ត សម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារធ្វើ នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍។

ការថ្លែងបែបនេះរបស់លោក សុខ សាន្តតារ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ម៉ែន ភារម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការពិនិត្យ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់ខេត្តព្រះវិហារ» ពិធីនេះមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធ តំណាងសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោកបានបន្ថែមទៀតថា ឈរលើមូលដ្ឋាននេះ ដើម្បីជាចក្ខុវិស័យវែងឆ្ងាយក្នុងការតម្រង់ទិសចាត់តាំងអនុវត្ត ក្រោមការដឹកនាំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ តែងតែបានកសាងនូវផែនការសម្រាប់អភិវឌ្ឍន៍ ទេសចរណ៍រយៈពេល ៥ឆ្នាំ ៣ឆ្នាំ ដោយមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព និងភាគីពាក់ពព័ន្ធផ្សេង ទៀតក្នុងខេត្ត ក្រោមយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្ត។ទាំងនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វិស័យទេសចរណ៍គឺមានលក្ខណៈជាប្រព័ន្ធ និងមានភាពប្រទាក់ក្រឡាគ្នានៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសក្កិសមដែលរាជរដ្ឋាភិបាលបានកំណត់ជា «មាសបៃតង» ផងដែរ។

ដោយឡែកលោក ម៉ែន ភារម្យ បានឱ្យដឹងដែរថា នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មីបង្កើត៥ និងអភិវឌ្ឍន៍៣ រួមមាន៖ បង្កើត៥, ទី១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ទី២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាព ទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ទី៣. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធទន់ និងរឹង ទី៤. បង្កើតប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ អភិវឌ្ឍ៣ រួមមាន៖ទី១. អភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថល និងទី៣. អភិវឌ្ឍធនធានមនុស្ស។

លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តព្រះវិហារ ប្រកបដោយភាពបត់បែន នវានុវត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់រហូតទទួលបានសមិទ្ធផលគួរជាទីមោទន ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា ទទួលខុសត្រូវ»