(ភ្នំពេញ)៖ អាកាសយានិក នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន ១៣នាក់ ទទួលបានការរៀនវគ្គបណ្តុះបណ្តាល ស្តីពីនិតិវិធីហោះហើរផ្លូវអន្តរជាតិ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ដែលជាគំនិតផ្ដួចផ្ដើមពីនាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមវត្ដមាន លោក លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល។

លោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណៈកម្មការចំពោះកិច្ច គ្រូបង្គោល និងលោក លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ដែលបានប្រជុំពិភាក្សា សិក្សាស្រាវជ្រាវ ដើម្បីអាចរៀបចំ បាននៅវគ្គបណ្តុះបណ្តាលនេះ ក្នុងការជួយពង្រឹងសមត្ថភាពជូនដល់អាកាសយានិក នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា វគ្គសិក្សានេះ ត្រូវបានរៀបចំ និងបង្កើតឡើង ដើម្បីផ្តល់ជូនអាកាសយានិក នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ទទួលបាននូវព័ត៌មាន និងសមត្ថភាពចាំបាច់ សម្រាប់ការស្វែងរក និងការហោះហើរទៅកាន់ ឬ ឆ្លងកាត់ប្រទេសផ្សេងៗ ប្រកបដោយសន្តិសុខ និង សុវត្ថិភាព។

បន្ថែមពីនោះទៀត លោកបានគូសបញ្ជាក់ថា ចំពោះវគ្គសិក្សានេះ គឺមិនត្រូវបានយកទៅប្រើប្រាស់ ដើម្បីបំពេញលក្ខខណ្ឌនៃការហោះហើរ ក្នុងក្របខណ្ឌស៊ីវិលនោះទេ លុះត្រាតែមានការស្នើសុំបំពេញបន្ថែម គ្រប់លក្ខណៈតម្រូវបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមនិតិវិធី ច្បាប់អាការចរណ៍ស៊ីវិលជាតិ និងអន្តរជាតិ។

ឧត្តមសេនីយ៍ទោ សោម យ៉ុម ប្រធានស្នងការ ស្នងការដ្ឋានបច្ចេកទេសបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានឲ្យដឹងថា បច្ចុប្បន្នវិស័យអាកាសចរណ៍ មានការវិវត្ដន៍រីកចម្រើនយ៉ាងឆាប់រហ័ស មិនថាតែ ក្នុងវិស័យពាណិជ្ជកម្ម ដឹកអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស វិស័យអាកាសចរណ៍យោធា ដែលប្រតិបត្ដិការមានលក្ខណៈដូចគ្នា ទៅនិងអាកាសចរស៊ីវិល ក៏មានការរីកចម្រើន និងវិវត្ដន៍ប្រែប្រួលលឿន។

ជាពិសេសការដឹកជញ្ជូនតាមផ្លូវអាកាស ដោយតម្រូវការហោះហើរដឹកជញ្ជូនយោធា ត្រូវបានបើកទូលាយទាំងកម្រិតជាតិ និងអន្ដរជាតិ ទៅតាមតម្រូវការជាក់ស្ដែងរបស់បេសកកម្មនីមួយៗ។ នេះជាការបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ទោ សោម យ៉ុម។

ឧត្តមសេនីយ៍ទោ សោម យ៉ុម បានបញ្ជាក់ថា ដើម្បីទទួលបាននូវសុវត្ថិភាព សន្ដិសុខ និងជោគជ័យខ្ពស់ ក្នុងបេសកកម្មហោះហើរដូចខាងលើ អាកាសយានិកយោធា ក៏ត្រូវតែមានមូលដ្ឋានចំណេះដឹង កម្មវិធីការហ្វឹកហាត់ និងចំណេះជំនាញ ស្របទៅតាមសេចក្ដីត្រូវការចាំបាច់ សម្រាប់យកទៅប្រើប្រាស់ ក្នុងបេសកកម្មហោះហើររបស់ខ្លួន ទាំងជាតិ និងអន្ដរជាតិ។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ទោ សោម យ៉ុម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាវិធីសាស្ដ្រមួយដ៏ប្រសើរបំផុត ដែលផ្ដល់នូវឱកាសដល់សិក្ខាកាមទាំងអស់បានរៀនសូត្រ និងស្វែងយល់បន្ថែមនូវចំណេះ និងជំនាញដ៏សំខាន់មួយនេះ សម្រាប់យកទៅប្រើប្រាស់ក្នុងអាជីពជាអាកាសយានិកម្នាក់ បើទោះបីជាពួកគេស្ថិតក្នុងក្របខណ្ឌយោធាក៏ដោយ។

បើតាមលោក លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល, វគ្គនេះ ជាវគ្គមួយដែលវិទ្យាស្ថាន បានរៀបចំមេរៀន ដោយបានគិតគូយ៉ាងណា ឲ្យស្របតាមអ្វីដែលអាកាសយានិករបស់យើង នៅមិនទាន់យល់ច្បាស់ពីបទដ្ឋាននានា ដែលត្រូវហោះហើរ លើផ្លូវអាកាសអន្ដរជាតិ ចាប់តាំងពីបំពេញបែបបទចូលដែនអាកាស នៃប្រទេសណាមួយ៖ អំពីអាកាសធាតុ, អំពីសញ្ញា រូបភាព តាំងនៅអាកាសយានដ្ឋាន, អំពីភាសា ឃ្លាប្រយោគ អត្ថន័យ សម្រាប់បញ្ជានាំផ្លូវ ព័ត៌មាននាំផ្លូវ និងព័ត៌មានផ្សេងៗ ដូចជា៖ ករណីដាច់ទំនាក់ទំនង អាកាសធាតុមិនល្អ ការហោះចូលតំបន់ហាមឃាត់ ករណីអាសន្ន បញ្ហាបច្ចេកទេស យន្ដហោះជាដើម។

កត្ដាទាំងនេះ តម្រូវឲ្យមានការយល់គ្នា រវាងអ្នកបញ្ជាចរាចរណ៍ផ្លូវអាកាស និងអាកាសយានិក រកដំណោះស្រាយទាន់ពេលវេលា និងសុវត្ថិភាព៕