(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ប្រទេសជាតិមួយខ្លាំង ទាល់តែប្រជាជនខ្លាំង ទើបប្រទេសជាតិនោះអាចរីកចម្រើនតទៅមុខបាន ហើយបើប្រទេសជាតិ មានប្រជាជនខ្លាំង រឿងសំខាន់ដែលត្រូវគិតមានតែពីរធំៗនោះទេ គឺការអប់រំ​ និងសុខភាព។

លោកថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាត បូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានគូសបញ្ជាក់ថា «នេះបើតាមន័យនយោបាយ ប្រទេសជាតិមួយខ្លាំង ទាល់តែប្រជាជនខ្លាំង បើប្រជាជនខ្លាំង មានតែពីរទេដែលយើងត្រូវធ្វើ ទីមួយការអប់រំ ទីពីរសុខភាព»

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា អីចឹងហើយ ទើបយុទ្ធសាស្រ្តបញ្ចកោណមិនប្រើពាក្យ ធនធានមនុស្សទេ គឺប្រើពាក្យមូលធនមនុស្ស ក្រៅពីមានចំណេះដឹងហើយ ត្រូវមានសុខភាពល្អមួយទៀត។ អ៊ីចឹង គឺតាមវិធានពីរនេះ គឺកសាងអ្វី គឺកសាងកម្លាំងជាតិ។ លោកបានបន្តថា ការកសាងកម្លាំងជាតិនេះ គឺទាមទារពេលវេលាក្នុងការកសាង ប៉ុន្តែពេលវេលានេះក៏ដោយ ឲ្យតែយើងបោះជំហានតទៅមុខ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានអះអាងផងដែរថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន ទើបប្រទេសរឹងមាំ៕