(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តចុះពង្រឹងការងារចាំបាច់មួយចំនួន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ នៅក្នុងស្រុកជលគីរី ប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ការប្រជុំពង្រឹងការងារខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាល និងអភិបាលរងស្រុកជលគិរី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត អាជ្ញាធរឃុំប្រជាពលរដ្ឋនិងម្ចាស់ត្រាក់ទ័រទាំងអស់នៅតាមបណ្ដាឃុំនានាក្នុងស្រុកជលគីរីទាំងមូលចូលរួមផងដែរ។

ក្នុងពិធីខាងលើនេះ លោកអភិបាលរងខេត្ត បានណែនាំឲ្យអាជ្ញាធរស្រុក រួមទាំងមេឃុំ និងក្រុមប្រឹក្សាឃុំក្នុងស្រុកជលគីរីទាំងអស់ ត្រូវធ្វើការទប់ស្កាត់នូវរាល់សកម្មភាពការទន្ទ្រានរំលោភយកដីព្រៃលិចទឹករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ និងការប្រើប្រាស់នូវឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗ។

លោកបានណែនាំឲ្យត្រួតពិនិត្យធ្វើរបាយការណ៍លើផ្ទៃដីរួម និងចំនួនគ្រួសារធ្វើស្រែប្រាំងដាំដំណាំរួមផ្សំដូចជា សណ្ដែក ពោត ល្ង ។ល។ និងពិនិត្យទៅលើទិន្នផលស្រូវ ដំណាំកសិកម្មផ្សេងៗនៅគ្រប់បណ្ដាឃុំ ដែលប្រជាក សិករបានអាស្រ័យផលកន្លងមក និងត្រូវធ្វើការត្រួតពិនិត្យលើទិន្នផលស្រូវ និងទិន្នផលនៃដំណាំកសិកម្មផ្សេងៗទៀត ដែលប្រជាកសិករប្រមូលផលរួច ពិសេសពិនិត្យទៅលើផ្ទៃដីស្រែប្រាំងដែលរងការខូចខាតបណ្ដាលមក ពីមូលហេតុខ្វះខាតទឹកស្រោចស្រព្វរយៈពេលកន្លងមក ដើម្បីរាយការណ៍មកជូនថ្នាក់ ដឹកនាំខេត្ត និងចាត់វិធានការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

ទន្ទឹមនោះផងដែរ លោកអភិបាលរងខេត្ត បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹងចំពោះជនណាដែលបំពានទៅលើដីព្រៃលិចទឹកដីតំបន់៣ដែលត្រូវបានហាមឃាត់។ រីឯចំពោះម្ចាស់ត្រាក់ទ័រដែលបានចុះបញ្ជីមានឈ្មោះ ត្រឹមត្រូវពីអាជ្ញាធរស្រុក ក៏ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងការភ្ជួររាស់ដីស្រែបស់ប្រជាពលរដ្ឋ បើក្នុងករណីមានការបំពារបំពានលួចឈូ សឆាយបំពានលើដីតំបន់៣ ម្ចាស់ត្រាក់ទ័រត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ ចំពោះត្រាក់ទ័រមកពីតាមបណ្ដាខេត្តផ្សេង មិនអនុញ្ញាតឲ្យចូលធ្វើការភ្ជួររាស់ដីស្រែពលរដ្ឋក្នុងមូលដ្ឋានស្រុកជលគីរីបានឡើយ។

អាជ្ញាធរស្រុក និងកងកម្លាំងតាមបណ្តាមូលដ្ឋានត្រូវចេញល្បាតឃ្លាំមើលសកម្មភាពដូចដែលបានដាក់បទបញ្ជាខាងលើនេះឲ្យបានម៉ឺងម៉ាត់ និងអនុវត្តជាប្រចាំ។ បន្ទាប់ពីកិច្ចប្រជុំខាងលើនេះត្រូវបានបញ្ចប់នៅរសៀលថ្ងៃដដែលនោះ ផងដែរ លោកអភិបាលរងខេត្តក៏បានដឹកនាំក្រុមការងារចុះពិនិត្យដីព្រៃលិចទឹកតំបន់២ និងតំបន់៣របស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រចំ ណុចកប់ចេះ ក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី ដែលត្រូវបានហាមឃាត់ផងដែរ៕