(ភ្នំពេញ)៖ លោក មុំ ប៊ុនថន រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា វិស័យមនុស្សចាស់ គឺជាវិស័យមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ ជាពិសេសទាមទារឱ្យមានការចូលរួមពី អង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងកសាងភាពជាដៃគូលើវិស័យ មនុស្សចាស់» ដោយមានការចូលរួមពី លោក សៅ ឡែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន លោកក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ស៊ុំ ចំរើន ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ព្រមទាំងក្រុមការងារ​ជាច្រើននាក់។

នាឱកាសនេះដែរ លោក មុំ ប៊ុនថន រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន និងយុវនីតិសម្បទា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា សហការជាមួយនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាក្នុងការរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងកសាងភាពជាដៃគូលើវិស័យមនុស្សចាស់»

លោក មុំ ប៊ុនថន បានបន្ដថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺផ្សព្វផ្សាយអំពីបញ្ហាប្រឈម និងយន្តការគាំទ្រមនុស្ស ចាស់នៅកម្ពុជាដល់ភាគីពាក់ព័ន្ធសំខាន់ៗ បាននឹងពិភាក្សា និងបង្កើតឱកាសក្នុងការកសាងភាពជាដៃគូដើម្បីគាំទ្រ និងលើកកម្ពស់វិស័យមនុស្សចាស់។ លោកសង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះទៅអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក និងបរទេស និងវិស័យឯកជន នឹងយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រលើវិស័យមនុស្សចាស់ ដូចមានចែងក្នុងផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។

ដោយឡែកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជា ច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្ត គោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុម ជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។ ក្នុងនោះការងារសុខុមាលភាព មនុស្សវ័យចាស់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយលិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់របបគោល នយោបាយសម្រាប់សេវាសង្គមកិច្ចចំពោះមនុស្សវ័យចាស់។

ជាមួយគ្នានេះ លោកក ទុំ វីរ៉ា បានបន្ដទៀតថា ក្រោយពីបានធ្វើការផ្សព្វផ្សាយអំពីបញ្ហាប្រឈម ពីយន្ដការនានា ដែលមាននៅប្រទេសកម្ពុជា ក្នុងជាគាំទ្រទៅដល់មនុស្សចាស់ យើងអាចមើលឃើញនៅចន្លោះខ្វះខាតមួយចំនួន ដែលអ្នកចូលរួមនិងជួយបំពេញនៅចន្លោះខ្វះខាតទាំងអស់។

បន្ថែមពីនេះ លោកក ទុំ វីរ៉ា ការសិក្សាកាល២០១៩ និង២០២១ ពីបញ្ហាតម្រូវការមនុស្សចាស់គាត់មានបញ្ហាច្រើន ក្នុងនោះមាន៖ សុខភាព ឱកាសទទួលបាននៅថវិកា ការទទួលបានស្ថេរភាព ការរើសអើង ការចូលរួមនៅក្នុងសង្គមនានា ប៉ុន្ដែទន្ទឹមនឹងបញ្ហានេះ ក៏យើងមើលឃើញពីការខិតខំប្រឹងប្រែងរបស់ដៃគូរអភិវឌ្ឃន៍ របស់រាជរដ្ឋាភិបាល។

អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរ មានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព។ អង្គការមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងចំណោម ៨រាជធានីខេត្ត នៃព្រះរាជណាចក្រកម្ពុជា៕