(ភ្នំពេញ)៖ កម្មករ និងសហជីពនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីរោងចក្រនេះត្រូវបានអគ្គីភ័យឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ។

លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ។ ពួកខ្ញុំជាកម្មករអាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថាទទួលបានចំណុចទាំងនេះទេ ពីព្រោះដំបូងឡើងខ្ញុំបារម្មណ៍ថាមិនទទួលបានសូម្បីប្រាក់ខែចុងក្រោយផងពីព្រោះរោងចក្រឆេះខូចខាតអស់ហើយ យើងមើលឃើញទាំងអស់គ្នា»។

លោកបានគូសបញ្ជាក់បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម្មករផ្សេងទៀតពេញចិត្ត និងទទួលយកបានដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាននោះទេ ជាពិសេសនោះបងប្អូនកម្មករទាំងអស់នៅរោងចក្រនេះមានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួនកន្លងមក។

លោក នៅ សុផល ដែលជាកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ម្នាក់ទៀត មកពីខេត្តកណ្តាល ថា៖«ដំណោះស្រាយទាំងបីចំណុចនេះល្អណាស់សម្រាប់ខ្ញុំដែលជាកម្មករ ក៏ដូចជាកម្មករផ្សេងៗទៀតនៅរោងចក្រនេះ»។

លោកបន្ថែមថា ថវិកាដែលបានមកពីការដោះស្រាយលោកនឹងអាចយកមកទ្រទ្រង់ជីវភាពគ្រួសារបានមួយគ្រា ខណៈលោកកំពុងស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារដែលបាននិងកំពុងផ្សព្វផ្សាយឱកាសការងារនៅមុខរោងចក្រផ្ទាល់តែម្តង។

អនុប្រធានសហជីពខ្មែរស៊ីយូអេសនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី នៅ ខេន បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយទាំងបីចំណុចនេះគឺស្របទៅតាមច្បាប់ ហើយបងប្អូនកម្មករទាំង២ពាន់នាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ។ កម្មករពេញចិត្តចំពោះដំណោះស្រាយជុំវិញករណីរោងចក្រត្រូវបានឆេះខូចខាតទាំងស្រុកកាលពីពេលថ្មីនេះ»។

លោកស្រីបានគូសបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅពេលខាងមុខនេះគឺបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ទាំងអស់គ្នា ពីព្រោះចាប់តាំងពីមានករណីអគ្គីសភ័យនេះកើតឡើងរាជរដ្ឋាភិបាលបានខិតខំបំពេញការងារផ្សេងៗ និងរកដំណោះស្រាយទាន់ពេលវេលាជូនកម្មករផងដែរ។

ទន្ទឹមនឹងនេះកម្មករ និងសហជីពទាំងនេះបានអំពាវនាវឱ្យបងប្អូនកម្មករទាំងអស់ដែលបានបម្រើការងារនៅរោង អ.ជី ហ្វ៊ូតវែរ សូមទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយសូមជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករទាំងអស់គ្នា។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ៕