(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ លូ និងផ្លាក ឈ្មោះផ្លូវចំនួន ៣គម្រោង ស្ថិតនៅខេត្តកោះកុង។

* គម្រោងទី១៖ ការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៤ ២០០ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ ម៉ែត្រ, និងក្រាលកៅស៊ូ DBST ផ្លូវជុំវិញរង្វង់មូលជាង ៥ ពាន់ម៉ែត្រក្រឡា, ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះ កុង ខេត្តកោះកុង។

* គម្រោងទី២៖​ ការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូ DBST ដូចគ្នា ប្រវែង ៦ ១០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ០,៥ ម៉ែត្រ, ស្ថាបនាលូប្រអប់មុខពីរចំនួន ១ កន្លែង, លូមូល មុខបីចំនួន ១ កន្លែង, លូមូលមុខពីរចំនួន ២ កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ទៅភូមិ ជ្រោយប្រស់ ឃុំជ្រោយប្រស់ស្រុកកោះកុង ខេត្តកោះកុង។

* គម្រោងទី៣៖​ គឺការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៣ ០០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, ស្ថាបនា លូប្រអប់មុខបួនចំនួន ១ កន្លែង, លូប្រអប់មុខបី ចំនួន ១ កន្លែង, លូមូលមុខមួយចំនួន ២កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគម្រោងទំាងអស់នេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។

ជុំវិញគម្រោងផ្លូវខាងលើនេះលោក ឈឹម សៅគី លើកឡើងបន្តថា ចំពោះការស្ថាបនាផ្លូវ និងស្ពាន ពិតជាមានសារៈ សំខាន់ណាស់ ដោយបានកំពុងផ្តល់អត្ថប្រយោជន៍ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ជាពិសេសសម្រួលការដឹកទំនិញចេញ-ចូលពីកំពង់ផែនៅទីនោះជាដើម។

លោកបានលើកឡើងបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ ដែលគម្រោងទាំងនោះ គឺបានកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរ និងមានផែនការច្បាស់លាស់ ក្នុងគោលដៅតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕