(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងឆ្លើយតបឧប្បត្តិហេតុដែលបង្កឡើងដោយសារធាតុគីមី អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ជំនាន់ទី៤ វគ្គបំប៉នមូលដ្ឋានគ្រឹះគីមី និងច្បាប់ជំនាន់ទី៣ វគ្គមូលដ្ឋានគ្រឹះនុយក្លេអ៊ែរ និងវិទ្យុសកម្ម ជំនាន់ទី២ វគ្គបំប៉នមូលដ្ឋានគ្រឹះអាវុធជីវសាស្ត្រជំនាន់ទី១ វគ្គបំប៉នជំនាញម៉ាស៊ីវិភាគ និងឧបករណ៍ការពារសារធាតុគីមី និងវិទ្យុសកម្ម ឆ្នាំ២០២៣ ដល់នាយពលទាហាន និងមន្ត្រីជំនាញអាវុធគីមី របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ។

ពិធីបិទវគ្គនេះបានធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុ អាវុធគីមី (លង្វែក) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញទាំង៥នេះ មានសិក្ខាកាមជាកងយោធពលខេមរភូមិន្ទ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ចូលរួមហ្វឹកហ្វឺនរៀនសូត្រសរុប ២១៥នាក់ និងគ្រូ៥០នាក់។

លោកស្រីឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយកនាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំង ២១៥នាក់នេះ គឺដើម្បីកសាងនូវធនធានមនុស្សក្នុងការចូលរួមទប់ស្កាត់សារធាតុគីមី អាវុធគីមី អាវុធនុយគ្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងស្របទៅតាមគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កិច្ចការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។ ការពាររាល់គ្រោះថ្នាក់ហានិភ័យដែលបង្កឡើងដោយសារធាតុគីមី អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ ស្របទៅតាមអនុសញ្ញាដែលមានស្រាប់ដូចជាអនុសញ្ញាហាមឃាត់អាវុធគីមី អនុស្សអនុសញ្ញាតាមកិច្ចព្រមព្រៀងនៃប្រទេសជាសមាជិកអាស៊ាន បានសម្រេចក្នុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ និងតាមគោលការណ៍ស្ដីពីតំបន់អាស៊ាន មិនមានអាវុធនុយក្លេអ៊ែរ។

នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុ អាវុធគីមី (លង្វែក) រួមនឹងមន្ត្រីពាក់ព័ន្ធក្នុងអាជ្ញាធរជាតិអាវុធគីមី ដែលបានសហការគ្នាយ៉ាងល្អ ជំរុញឱ្យកិច្ចដំណើរការនៃវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញអាវុធគីមីទាំង៥វគ្គនេះដំណើរការទៅបានយ៉ាងរលូនរហូតដល់ពេលបញ្ចប់វគ្គប្រកបដោយលទ្ធផលជោគជ័យ។

នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានលើកឡើងថា ការងារហ្វឹកហ្វឺនបង្កើនសមត្ថភាពឱ្យដល់កងទ័ព គឺជាប្រការសំខាន់ណាស់សម្រាប់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានមនុស្សដែលប្រកបទៅដោយគុណភាព សមត្ថភាព ឱ្យដល់យោធិនគ្រប់រូប លើជំនាញដើម្បីលើកកម្ពស់ខឿនការពារជាតិរបស់កម្ពុជា ឱកយកាន់តែមានភាពរឹងមាំ។ ជាក់ស្ដែងការហ្វឹកហ្វឺនជំនាញដល់កម្លាំងឆ្លើយតបដែលបានបញ្ចប់នៅពេលនេះ គឺពិតជាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាម ជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពនៅពេលប្រទេសជួបនៅហានិភ័យណាមួយដែលពាក់ព័ន្ធដល់ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលយើងមិនអាចមើលឃើញ និងកំណត់បានថាវានឹងកើតនៅពេលណា។

ឆ្លងតាមការហ្វឹកហ្វឺន និងបំប៉នក្នុងរយៈពេលកន្លងមកនេះ នាយឧត្តមសេនីយ៍ យល់ឃើញថា ពាក់បំប៉ននេះបានផ្ដល់ឱ្យកម្មសិក្សាការីទាំងអស់បង្កើនការយល់ដឹង ទាំងសមត្ថភាពមូលដ្ឋានគ្រឹះនៃគីមីវិទ្យាទាំងកម្លាំងឆ្លើយតប ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃសារធាតុគីមី អាវុធគីមី វិទ្យុសកម្ម ជីវសាស្ត្រ និងនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានរួមចំណែកក្នុងការចូលរួមការពារសន្តិសុខសន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានបញ្ជាក់ថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាការទប់ស្កាត់ការប្រើប្រាស់ ការសាកល្បង នៅអាវុធគីមីជីវសាស្ត្រ នុយក្លេអ៊ែរ និងវិទ្យុសកម្ម ដូចជាសន្ធិសញ្ញានៃការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ឆ្នាំ១៩៧២ សន្ធិសញ្ញាការហាមប្រាមសាកល្បង អាវុធនុយក្លេអ៊ែរ CPT ឆ្នាំ២០០០ អនុសញ្ញាអាវុធគីមីសាស្ត្រ CWCS អាវុធជីវសាស្ត្រ ឆ្នាំ១៩៧២ អនុសញ្ញាគីមីសាស្ត្រ ស៊ី CWC ឆ្នាំ២០០៥ និងទីភ្នាក់ងារថាមពល អន្តរជាតិប៉ារ៉ាម៉ាន់ណូ IAA ជាដើម។

នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធដល់ការសាយភាយនៃអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ បើទោះបីនៅកម្ពុជាមិនទាន់ជួបនូវបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះក៏ដោយ ប៉ុន្តែ ក៏ត្រូវមានវិធានការទប់ស្កាត់ និងការពារជាមុនសម្រាប់សន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានដល់ប្រជាពលរដ្ឋកម្ពុជា ដែលសកម្មភាពទាំងនេះបានចុះបំពេញការងារប្រកបដោយលទ្ធផលជោគជ័យ នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការរៀបចំការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ានប៉ារ៉ាហ្គេម និងកម្មវិធីផ្សេងៗជាច្រើនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រហូតមកទល់ពេលនេះកម្ពុជាមានកម្លាំងឆ្លើយតបនេះជាច្រើនក្រុមដើម្បីប្រតិបត្តិការនៅពេលដែលប្រទេសជាតិជួបនូវគ្រោះមហន្តរាយ ឬហានិភ័យណាមួយកើតឡើងជាយថាហេតុ៕