(ភ្នំពេញ)៖ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានរួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សហ្វ៊ុនសិនប៉ិច អ្នកតំណាងរាស្រ្ត មន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័នចំនួន១៤ សហជីព​ សង្គមស៊ីវិល​ សាស្ត្រាចារ្យ និស្សិតពីបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា កិច្ចសហការរួមគ្នាក្នុងការរៀបចំអង្គវេទិកានេះក្នុងស្មារតីរួមគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់សម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិ មានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន។

លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះសមាគមទាំងពីរដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការផ្សព្វផ្សាយ ការចែករំលែក និងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ចិន។

លោក Chen Cong បានយល់ស្រប និងគាំទ្រទាំងស្រុងដល់ខ្លឹមសារនៃបទបង្ហាញរបស់វាគ្មិន៣រូបគឺ ១៖ លោកបណ្ឌិត កៅ មុយថង, លោក ដួង វិរ័ត្ន និង លោក Wu Chuanbing សុទ្ធតែបានយល់ស្របគ្នាថា នៅឆ្នាំ១៩៤៥ ប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតបានរួមគ្នាចេញ «សេចក្តីថ្លែងការណ៍Potsdam» ដែលមានប្រសិទ្ធភាពផ្លូវច្បាប់អន្តរជាតិបង្កើតបានជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងដាក់មូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដែលថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។

បន្ថែមពីលើនេះវាគ្មិនទាំង៣ ក៏បានរំលេចផងដែរថា ទោះបីជាប្រជាជាតិចិនរស់នៅតៃវ៉ាន់មិនទាន់បានវិលត្រឡប់មកកាន់មាតុភូមិយ៉ាងណាក៏ដោយ តែអធិបតេយ្យនិងបូរណភាពដែនដីចិនមិនដែលត្រូវបានបែងចែក និងមិនអាចបំបែកបានឡើយ។ ស្ថានភាពជាក់ស្តែងនៃបញ្ហាតៃវ៉ាន់ និងខ្លឹមសារស្នូលនៃប្រទេសចិនតែមួយគឺនៅលើពិភពលោកនេះ គឺមានប្រទេសចិនតែមួយគត់ ហើយច្បាស់ណាស់ដែលថា « តៃវ៉ាន់ គឺជាផ្នែកមួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ ប្រទេសចិន ហើយសាធារណរដ្ឋប្រជាមានិតចិនដែលបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ គឺជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន»។

លោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានគូសរំលេចថា តាមរយៈប្រសាសន៍របស់អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងបទបង្ហាញដែលមានវាគ្មិនកិត្តិយសចំនួន៣រូបនារសៀលនេះ «គោលការណ៍ចិនតែមួយ» ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការគាំពារអធិបតេយ្យ បូរណភាពដែនដីចិន និងគាំទ្របុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ស្របតាមគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីពីរ ក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្តដល់ប្រជាជនចិនរស់នៅលើកោះតៃវ៉ាន់ឲ្យភ្ញាក់រលឹកត្រឡប់ចូលមករួមរស់ជាមួយមាតុភូមិវិញ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍដល់ប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់បណ្តាប្រទេសនានា ស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិនសព្វថ្ងៃដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក៕