(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវស្រាវជ្រាវវែកមុខរកមេក្លោង មេខ្យល់ ដែលបំផុសញុះញង់ឲ្យប្រជាពលរដ្ឋទៅកាន់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រជុំដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំទ្រង់ទ្រាយធំដែលកំពុងកើតមានក្នុង ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ប្រសិនរកឃើញមានមន្ត្រីរាជការ ឬកងកម្លាំងមានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ។

នាយឧត្តមសេនីយ៍ បានបញ្ជាបន្ថែមឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែង នៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុង ស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង។ លោកថាជំនាញត្រូវស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋ ដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេក្លោងដោយការប្រើប្រាស់រូបភាព ជនចំណាកស្រុកពីខេត្តដទៃ មកទន្ទ្រានយកដីនៅមណ្ឌលគិរី គឺត្រូវឃាត់ខ្លួន។

បើតាមការអះអាងរបស់នាយឧត្តមសេនីយ៍ សៅ សុខា, នៅពេលនេះលោកកំពុងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ ហើយមិនអនុញ្ញាតឲ្យដីធ្លីទាំងនេះ ធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលនៅចាំគាំទ្រជានិច្ច។ លោកបានរំលឹកដល់មន្ដ្រី ត្រូវចុះទៅបង្រៀនពន្យល់ពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យយល់កាន់តែច្បាស់ពីតម្លៃព្រៃឈើ ដើម្បីរួមគ្នាទប់ស្កាត់ការបំផ្លាញព្រៃឈើបន្តទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការទប់ស្កាត់បទល្មើសរុករានដីព្រៃរដ្ឋ យកជាកម្មសិទ្ឋផ្ទាល់ខ្លួន ដោយសមត្ថកិច្ចបានរកឃើញទីតាំងដីព្រៃឈើ របស់រដ្ឋជាច្រើនកន្លែងក្នុងទំហំច្រើនពាន់ហិកតា ត្រូវគេអារកាប់ផ្តួល ដុតបំផ្លាញអនាធិបតេយ្យបំផុត។ ទីតាំងដែលកម្លាំងប្រតិបត្តិការបង្ក្រាប និងស្រាវជ្រាវរកឃើញថា មានសកម្មភាពកាប់រានដីព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ ឆ្នាំ២០២៤នេះ គឺកើតឡើងនៅ ដែនជម្រកសត្វព្រៃភ្នំណាមលៀរ៕