(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ បានប្រគល់ម៉ូតូ២០គ្រឿង ទូកប្រដេញ១គ្រឿង និងម៉ាស៊ីនវិភាគគ្រឿងញៀនមួយគ្រឿង តាមរយៈក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ហើយត្រូវបាន លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រគល់ជូនអង្គភាពជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។

លោក កៅ ខុនដារ៉ា បានឲ្យដឹងថា ដើម្បីពង្រឹង ក៏ដូចជាសម្រួលដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងតាមរយៈកិច្ចសហប្រតិបត្តិការ ចំពោះស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃកម្ពុជា-ថៃ  ភាគីថៃបានផ្តល់នូវមធ្យោបាយរួមមាន រថយន្តMazdaចំនួន២គ្រឿង ម៉ូតូHonda C125 ចំនួន២០គ្រឿង ទូកប្រដេញ១គ្រឿង និងម៉ាស៊ីនវិភាគគ្រឿងញៀន១គ្រឿង។  

លោកបញ្ជាក់ថា អំណោយក្នុងឱកាសនេះ ត្រូវធ្វើការបែងចែកជូន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍នគរបាលទឹកថ្លា នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ-ខេត្តស្ទឹងត្រែង មន្ទីរប្រឆាំងគ្រឿងញៀន មន្ទីរពិសោធន៍គ្រឿងញៀន និងការិយាល័យទំនាក់ទំនងព្រំដែនប្រឆាំងគ្រឿងញៀនឆ្លងដែនខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះ លោក ក៏បានធ្វើការណែនាំដល់អង្គភាព អនុវត្តច្បាប់ ដែលទទួលបានសម្ភារៈទាំងនេះ ត្រូវខិតខំប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ព្រមទាំងទទួលខុសត្រូវ ក្នុងការថែរក្សាសម្ភារៈទាំងអស់នេះ ឱ្យបានស្ថិតស្ថេរយូរអង្វែង៕