(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាប និកបណ្តាញព្រះសង្ឃឯករាជ្យ កាលពីសប្តាហ៍មុនពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ហើយលោក ម៉ូម សូណង់ ដូ សំណូមពរតុលាការជំរុញឲ្យផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។

លោក ម៉ម សូណង់ដូ បានប្រាប់ Fresh News ឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា «ខ្ញុំសំណូមពរ ខ្ញុំមិនចង់បានសំណង ជំងឺចិត្តច្រើនទេ បើសិនជាតុលាការថា ប៊ុត ប៊ុនតិញ ជាមនុស្សខូចខិលមែន គាត់គួរតែផ្សឹកពីព្រះសង្ឃ កុំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាស នា និងព្រះសង្ឃផ្សេងៗទៀត»

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ប្រិយមិត្តម្នាក់ឈ្មោះ ប៊ុន ធឿន បានប្រាប់ដល់វិទ្យុសំបុកឃ្មុំថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាប់ មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្រ្ត ២នាក់ ប៉ុន្តែឯកឧត្តម សម រង្ស៊ី ឲ្យតែម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិនពេញចិត្ត ក៏បង្កើតគណបក្សនឹងមក ដើម្បីផ្ចាញ់ផ្ចាល ខឹងគេអត់ឲ្យតំណែង»។ នេះបើតាមលិខិតរបស់  លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះកន្លងមក។

លោក ម៉ម សូណង់ដូ បានចាត់ទុកថា ការមានសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក និង គណបក្សលោក។

លោក សូណង់ដូ បានបន្ថែមថា «ក្នុងនាមជាព្រះសង្ឃ ហើយយើងមុសាខុសពីការពិត មកមូលបង្កាច់ខ្ញុំទាំងស្រុង មិនដឹងថា គាត់មាន គំនិត ឬ យុទ្ធសាស្រ្តយ៉ាងណានោះទេ សម្រាប់គណបក្សសង្រ្គោះជាតិ ហើយខ្ញុំធ្វើនេះមិនមែនចង់បានលុយទេ គឺដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងថា នរណាមានសីលធម៌ នរណាអត់មានសីលធម៌ ហើយចំពោះ (ព្រះតេជគុណ) ប៊ុត ប៊ុនតិញ ហ្នឹងគឺគាត់យកស្បង់ជីវទៅធ្វើជា ជំនួយនយោបាយស៊ើបមាត់ ឬតួនាទីអ្វីមិនដឹងទេ ប៉ុន្តែអ្វីដែលគាត់និយាយគឺខុសទាំងស្រុង»។

Fresh News មិនអាចទំនាក់ទំនងទៅព្រះតេជគុណ ប៊ុន ប៊ុនតិញ បាននៅឡើយទេ នៅថ្ងៃទី០៥ ខែកញ្ញានេះ ដោយសារទូរស័ព្ទរបស់ ព្រះតេជគុណ មិនអាចទំនាក់ទំនងបាន។ ប៉ុន្តែនាពេលកន្លងមក ព្រះតេជគុណ ធ្លាប់បានឆ្លើយតបតាមវិទ្យុមួយដោយទទួលស្គាល់នូវការ លើកឡើងបែបនោះ។ ព្រះតេជគុណមានសង្ឃដីកាថា ព្រះតេជគុណមិនចាប់អារម្មណ៍ នឹងការគំរាមប្តឹងរបស់ លោក ម៉ម សូណង់ដូនោះ ទេ ហើយថា អ្វីដែលព្រះអង្គធ្លាប់លើកឡើងនោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ៕