(ភ្នំពេញ)៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ឈ្មោះ កើត សារ៉ាយ ក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និង គួកន បានរៀបចំផែនការអូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់ភៀសខ្លួន ចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជា អាជ្ញាធរខេត្តព្រះវិហារ សុំឱ្យមកសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យបដិសេធមិនព្រមទទួលយក ជំនួយពីអាជ្ញាធរខេត្តដែរ។

មិនតែប៉ុណ្ណោះក្រុមជនសង្ស័យ បានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅ ប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានធ្វើការ ផ្សាព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ជនសង្ស័យ ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន០៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសប្រជាពលរដ្ឋនៅទីនោះ ថែមទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មាន ក្នុងចេតនាបញ្ចុះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

គួរជម្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន ១៤ខែ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល ២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ន” ចុះថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១ ម្តងរួចមកហើយ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ កើត សារ៉ាយ និង គូកន ពីបទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២ លោក កើត សារ៉ាយ ជាមនុស្សម្នាក់ ក្នុងចំណោម ៧នាក់ ត្រូវបានតុលាការដោះលែង ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន៕