(កំពត-កែប)៖ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឱ្យដឹងថា ខេត្ត​កំពត រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃ​ទី១៣ ដល់ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២៤ ខេត្តកំពត និងខេត្តកែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិ ប្រមាណ​ជាង ១,៣៩៩,៨៩៧នាក់។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ចំនួន ១,៣៩៦,៧៧៥ នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣,១២២នាក់។

បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​ររមណីយដ្ឋានតំបន់ភូមិកំពត, រមណីយដ្ឋាន​តតំបន់ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ, តំបន់កោះស្មៅ, រមណីយដ្ឋានតំបន់ទឹកឈូ និង​តំបន់​ររមណីយដ្ឋានជាច្រើនផ្សេងទៀនៃខេត្ត​កំពត។

តាមលោក សយ ស៊ីណុល ពាក់ព័ន្ធសេវាកម្មស្នាក់នៅ រយៈពេល៤ថ្ងៃនេះ ភ្ញៀវបានកក់ និងស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ និងស្នាក់នៅតាមរមណីយដ្ឋាន ស្ទើរតែពេញ ១០០%។ ដោយឡែកសេវាកម្មហូបចុក គឺមានកន្លែងជាច្រើន ដែលផ្តល់ភាពងាយស្រួល សម្រាប់ឱ្យភ្ញៀវរកទទួលទានបាន។ ចំពោះសភាពការណ៍ទូទៅ នៅតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍កម្សាន្តផ្សេងៗ គ្មានអ្វីប្លែកគួរឱ្យកត់សម្គាល់នោះទេ គឺធានាបានសុខសុវត្ថិភាព សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាង ១,០០០នាក់ ដាក់ពង្រាយតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ភ្ញៀវទេសចរណ៍គ្រប់រូបភាព សំដៅធ្វើឱ្យពិធីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ចូលរួមកំសាន្តលេងកាន់តែអធិកអធម្ម និងមានភាពល្បីល្បាញ សម្រាប់មោទនភាពនៃខេត្តកំពតមួយនេះផងដែរ។

ចំពោះខេត្តកែប រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយគិតចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤​ គឺខេត្ត​កែប​ ទទួលបាន​ភ្ញៀវទេសចរ​ សរុបចំនួន​ ១៥៩,៧៨៨នាក់​ បេីប្រៀបធៀបទៅនឹងឆ្នាំ២០២៣​ ភ្ញៀវទេសចរ​សរុបចំនួន​ ១៤៩,៤០៦នាក់​ កេីនឡេីង៦.៩៤%​ ក្នុងនោះភ្ញៀវជាតិចំនួន​ ១៥៨,៨៩៦នាក់​ បេីធៀបនឹងឆ្នាំ២០២៣​ មានចំនួន​ ១៤៨,៧៤៤នាក់​ កេីនឡេីង​ ៦.៨២%​ ភ្ញៀវទេសចរ​បរទេសចំនួន​ ៨៩២នាក់​ ធៀបនឹងឆ្នាំ២០២៣​ មានចំនួន​ ៦៦២នាក់​ កេីនឡេីង​ ៣៤.៧៤%។ នេះបើយោងតាមរបាយការណ៍ របស់លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ចំពោះសភាពការទូទៅក្នុងខេត្តកែប រយៈពេល៤ថ្ងៃ បានប្រព្រឹត្តទៅដោយរលូនពុំមានបាតពាក្យអ្វីគួរឱ្យកត់សម្គាល់ឡើយ៕